(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសបារាំងនឹងបង្កើនការចំណាយទៅលើ​វិស័យយោធារបស់ខ្លួន ក្នុងអត្រាជាងមួយភាគបីគឺប្រហែលខ្ទង៤០ភាគរយ ក្នុងរយៈពេលប៉ុន្មានខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីបារាំងបាននិយាយថា ផែនការខាងលើដែលស្ថិតក្នុងគម្រោងកញ្ចប់ថវិកា សម្រាប់ឆ្នាំ២០២៤-២០៣០ នឹងជួយសម្រប​យោធាបារាំងទៅនឹងលទ្ធភាពនៃការកើតមានឡើង នូវជម្លោះផ្សេងៗដែលមានភាពតានតឹងខ្លាំង ហើយរឿងនេះកាន់តែចាំបាច់ខ្លាំងបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

លោក ម៉ាក្រុង បានបន្តថា ខណៈដែលសង្រ្គាមកំពុងតែផ្លាស់ប្តូរ បារាំងត្រូវតែមានកងកម្លាំងយោធា ដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ គ្រោះថ្នាក់ធ្ងន់ធ្ងរនានា ដែលអាចកើតឡើងនាពេលអនាគត។ បើតាមលោក ម៉ាក្រុង ថវិកានឹងត្រូវចំណាយគួរឱ្យកត់សម្គាល់ទៅលើ ការធ្វើ​ទំនើបកម្មអាវុធនុយក្លេអ៊ែររបស់បារាំង ហើយទីក្រុងប៉ារីសក៏នឹងវិនិយោគធំទៅលើដ្រូន និងផ្នែកចារកម្មយោធាផងដែរ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធាបារាំង សម្រាប់ចន្លោះរយៈពេលខាងលើ នឹងមានចំនួន៤១៣ពាន់លានអឺរ៉ូ ឬស្មើនឹង៤៤៧ពាន់លានដុល្លារ ដែលកើនពីចំនួន២៩៥ពាន់លានអឺរ៉ូ (៣២០ពាន់លានដុល្លារ) កាលពីចន្លោះឆ្នាំ២០១៩-២០២៥។ ប្រការនេះមានន័យថាពេលដល់ឆ្នាំ២០៣០ កញ្ចប់ថវិកាយោធារបស់ប្រទេសបារាំង នឹងកើនឡើងទ្វេដង គិតចាប់តាំងតែពីលោក ម៉ាក្រុង បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៧៕