(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃ​ក្រសួងការពារជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះបានប្រកាសផ្ដល់អាវុធបន្ថែមឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធាថ្មី មួយមានទំហំទឹកប្រាក់ ២.៥ពាន់លានដុល្លារ មុននឹងសម្ព័ន្ធមិត្តលោកខាងលិចជួបប្រជុំគ្នា នៅឯមូលដ្ឋានកងទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ទី២០ ខែមករាដដែលនេះ។ កញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានរថពាសដែក Stryker ចំនួន ៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ៥៩គ្រឿង បន្ថែមទៀត ប៉ុន្តែមិនមានរថក្រោះប្រយុទ្ធធុនធ្ងន់នោះទេ។

អ៊ុយក្រែនបានទទូចស្នើសុំឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធធុនធ្ងន់មកឱ្យកងទ័ពរបស់ខ្លួន ស្របពេលមានការសន្និដ្ឋានជាច្រើនថារុស្ស៉ីអាចនឹងបើកការវាយលុក សាជាថ្មី នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រុមមន្ត្រីអាមេរិកបានអះអាងថាការសម្រេចចិត្តមិនបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ដូចជា Abrams ឱ្យទីក្រុងកៀវ គឺដោយសារតែ បញ្ហាស្មុគស្មាញមានច្រើន ពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីន និងការថែទាំ ដូចគ្នាទៅបញ្ហាកើតមានលើយន្ដហោះចម្បាំងអាមេរិកស៊េរីទំនើបដែល ធ្វើឱ្យអ៊ុយក្រែនពិបាកក្នុងការប្រើប្រាស់ ឱ្យមានប្រសិទ្ធភាព និងត្រូវចំណាយពេលយូរក្នុងការបណ្ដុះបណ្ដាល។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនទទួលរងការរិះគន់ខ្លាំង ដូចជាការស្ទាក់ស្ទើររបស់អាល្លឺម៉ង់នោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធំៗ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាទីក្រុងបែរឡាំងនឹងយល់ព្រមប្រគល់រថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន បើសហរដ្ឋអាមេរិកយល់ព្រមបញ្ជូន រថក្រោះធុនធ្ងន់របស់ខ្លួនឱ្យទីក្រុងកៀវដែរ។ នៅថ្ងៃសុក្រ ទី២០ ខែមករានេះដែរ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ជាក់ជាផ្លូវការថាមិនទាន់មានការសម្រេចចិត្ត ជាផ្លូវការថាតើត្រូវបញ្ជូនរថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន ឬក៏យ៉ាងណានៅឡើយទេ។ «នៅថ្ងៃនេះ យើងនៅតែមិនទាន់អាច និយាយបានថានៅពេលណា ទើបការសម្រេចចិត្តមួយត្រូវធ្វើឡើងនោះទេ ហើយថាតើវានឹងជាការសម្រេចចិត្តបែបណាពាក់ព័ន្ធនឹងរថក្រោះ Leopard»។ នេះជាការបញ្ជាក់ របស់លោកប្រមុខការពារជាតិ អាល្លឺម៉ង់ កំឡុងសន្និសីទដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់។

តាមពិតទៅ ការស្ទាក់ស្ទើររបស់លោក អូឡាហ្វ សូលស៍ ក៏មិនខុសគ្នាប៉ុន្មាននោះដែរពីលោក ចូ បៃដិន។ លោក បៃដិនបានអះអាង ជារឿយៗថាអាទិភាពចម្បងរបស់លោក នោះគឺបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ហើយបញ្ចៀសកុំឱ្យសង្រ្គាមរវាងរុស្ស៉ី និង NATO ផ្ទុះឡើង។ ចុះបើដូច្នេះហេតុអ្វីបានជាអាល្លឺម៉ង់ ត្រូវរងសម្ពាធធ្ងន់ធ្ងរ ជុំវិញសំណុំរឿងរថក្រោះនេះទៅវិញ?

*អ្វីទៅជារថក្រោះខ្លារខិន Leopard 2?

រថក្រោះខ្លារខិន Leopard 2 ត្រូវបានគេចាត់ទុកថាជាប្រភេទរថក្រោះមួយនៅក្នុងចំណោមរថក្រោះទំនើបៗបំផុតនៅលើពិភពលោក។ រថក្រោះនេះត្រូវបានទាហានអាល្លឺម៉ង់ ប្រើប្រាស់អស់ពេលរាប់ទសវត្សរ៍មកហើយ និងឆ្លងកាត់ការអភិវឌ្ឍបន្ថែមជាច្រើន ព្រមទាំងធ្លាប់ចូលរួមនៅក្នុងសង្រ្គាមនៅកូសូវ៉ូ អាហ្វហ្កានីស្ថាន និងស៊ីរី។ ប្រទេសនៅអឺរ៉ុបចំនួន ១៣ មានប្រើរថក្រោះខ្លារខិន Leopard 2 ឬសរុបបញ្ចូលគ្នាមានច្រើនជាង ២០០០គ្រឿង។ Leopard 2 ដំណើរការដោយម៉ាស៊ីនដើរដោយម៉ាស៊ូត មានបំពាក់ឧបករណ៍ ធ្វើប្រតិបត្តិការនៅពេលយប់ និងឡាស៊ែរវាស់ចម្ងាយដែលឱ្យគេដឹងពីចម្ងាយនៃវត្ថុអ្វីមួយ ដែលជួយឱ្យវាកំណត់គោលដៅជាក់លាក់ និងអាចវាយប្រហារក្នុងពេលកំពុងបើកបរ បានទៀតផង។

*តើ Leopard 2 អាចជួយអ្វីខ្លះដល់អ៊ុយក្រែន?

មកទល់នឹងបច្ចុប្បន្ន ទាំងទាហានរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែកំពុងប្រើរថក្រោះសល់ពីសម័យសូវៀត នៅក្នុងសមរភូមិប្រយុទ្ធ។ ដូច្នេះ Leopards អាចនឹងផ្ដល់សមត្ថភាពបន្ថែមដល់ ទាហានអ៊ុយក្រែន ក្នុងការធ្វើប្រតិបត្តិការវាយលុក អមជាមួយកាំភ្លើងធំ ដោយនឹងកាត់បន្ថយឧត្ដមភាពកាំភ្លើងធំរបស់រុស្ស៉ី ដែលបានជួយឱ្យទាហានរុស្ស៉ីវាយដណ្ដើមបានទីក្រុងចំនួន ២ ក្នុងតំបន់លូហាន នៃភាគខាងកើតអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។ ប៉ុន្តែ ក្រុមអ្នកជំនាញភាគច្រើនយល់ថា Leopard 2 មិនមែនជាវត្ថុទិព្វជួយឱ្យអ៊ុយក្រែនយកឈ្នះលើរុស្ស៉ី ទាំងស្រុងនោះឡើយ ហើយវាអាចជា «និមិត្តរូបនយោបាយ» ច្រើនជាង ដើម្បីបង្ហាញពីការរក្សាបាននូវការប្ដេជាចិត្ត និងការគាំទ្រជានិច្ចរបស់លោកខាងលិចដល់អ៊ុយក្រែន ហើយក៏ជា សារព្រមានមួយបញ្ជូនទៅកាន់រុស្ស៉ីដែរថាលោកខាងលិចនឹងមិននៅឈរអោបដៃនៅស្ងៀមឡើយ។

 

ចក្រភពអង់គ្លេស ក៏បានសន្យាដែរថានឹងផ្ដល់រថក្រោះប្រយុទ្ធ Challenger 2 ចំនួន១៤គ្រឿងឱ្យអ៊ុយក្រែន ខណៈទីក្រុងកៀវចង់បានរថក្រោះប្រយុទ្ធធុនធ្ងន់លោកខាងលិចជាង ៣០០គ្រឿងឯណោះ។ ក្រុមអ្នកជំនាញយោធាយល់ថា Leopard 2 ក្លាយជាប្រធានបទក្ដៅខ្លាំងជាងរថក្រោះដទៃ ដោយសារតែរថក្រោះនេះស្ថិតនៅក្នុងតំបន់អឺរ៉ុបស្រាប់ និងងាយស្រួលបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយសូម្បីតែការថែទាំ និងការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ ក៏មានភាពងាយស្រួលជាងរថក្រោះ Abrams របស់សហរដ្ឋអាមេរិក ដ្បិតវា ប្រើគ្រឿងបន្លាស់អឺរ៉ុប។ លើសពីនេះទៅទៀត ដោយសារតែបណ្ដាប្រទេសអឺរ៉ុបជាច្រើន មានរថក្រោះ Leopard 2 ស្រាប់ ដូច្នេះពួកគេអាចបញ្ជូន ឬផ្ដល់រថក្រោះ គ្រឿងបន្លាស់ ការបណ្ដុះបណ្ដាល ឬផ្នែកភស្តុភាររៀងៗខ្លួនក៏បាន។

សម្រាប់អ៊ុយក្រែន អ៊ុយក្រែនកាន់តែដឹងច្បាស់ជាងគេទៅទៀតថា ត្រឹមតែរថក្រោះមិនអាចយកឈ្នះលើរុស្ស៉ីទាំងស្រុងនោះទេ។ ក្រៅតែពីរថក្រោះប្រយុទ្ធធុនធ្ងន់ លោក ហ្សេលេនស្គី តែងតែទទូចសុំជារឿយៗពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចនូវយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយជាដើម។ តែអ្វីដែលលោកចង់បានបំផុត នោះគឺ ការប្ដេជ្ញាចិត្តពេញទំហឹងពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចចំពោះប្រទេសរបស់លោក ដោយបញ្ឈប់ការភ័យខ្លាចនឹងការសម្លុតគំរាមប្រើនុយក្លេអ៊ែរពីសំណាក់ ទីក្រុងមូស្គូ។ ម្លោះហើយសម្រាប់លោក ហ្សេលេនស្គី ការទទួលបានរថក្រោះប្រយុទ្ធធុនធ្ងន់ពីលោកខាងលិច គឺជាជោគជ័យមួយដ៏ធំ ព្រោះថាប្រៀបដូចជាការ Unlock អាវុធធុនធ្ងន់ របស់លោកខាងលិច ឬអាចនឹងក្លាយជាការជំរុញទឹកចិត្តឱ្យលោកខាងលិចហ៊ានផ្ដល់អាវុធធុនធ្ងន់បន្ថែមទៀត ឬក៏អាចផ្ដល់នូវអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីយកឈ្នះរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាល្លឺម៉ង់ ការនាំចេញឡើងវិញនូវរថក្រោះប្រយុទ្ធផលិតដោយអាល្លឺម៉ង់ ដោយមិនមានការអនុញ្ញាតពីទីក្រុងបែរឡាំងគឺជាទង្វើខុសច្បាប់។ ពោលគឺ ប្រទេស ដែលបានចុះហត្ថលេខាទិញរថក្រោះពីក្រុមហ៊ុនផលិតអាវុធ ឬឃ្លាំងស្ដុកអាវុធរបស់អាល្លឺម៉ង់ ត្រូវតម្រូវឱ្យស្នើសុំការអនុញ្ញាត ឬអាជ្ញាបណ្ណនាំចេញបន្តពីរដ្ឋាភិបាលអាល្លឺម៉ង់ជាមុនសិន មុននឹងបញ្ជូន ឬនាំចេញអាវុធដូចជារថក្រោះ Leopard 2 ទៅកាន់ប្រទេសទី៣ ខណៈសហរដ្ឋអាមេរិកក៏មានលក្ខខណ្ឌតម្រូវស្រដៀងគ្នានេះដែរ៕