(ញូវយ៉ក)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវតែយល់ពីគ្នាទៅវិញទៅមកឲ្យបានកាន់តែពេញលេញជាងនេះ និងសាងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ដើម្បីសម្របជាមួយនឹងវឌ្ឍនភាព និងសន្តិភាពក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ថ្លែងតាមវីដេអូនៅក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី របស់សភាពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក ( CGCC-USA) ដែលបានប្រារព្ធឡើងនៅទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃពុធ លោក Kissinger បាននិយាយថា « មេដឹកនាំនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះនៅកោះបាលី ហើយបានបង្ហាញពីចេតនាដើម្បីផ្លាស់ប្តូរនិន្នាការនៅក្នុងទំនាក់ទំនងទ្វេភាគី គឺជាសញ្ញាដ៏ល្អ»

អ្នកការទូតជើងចាស់ អាយុ៩៩ឆ្នាំ និងជាអ្នកយុទ្ធសាស្រ្តដែលបានបម្រើការក្នុងរដ្ឋបាលចំនួនពីររបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា ប្រទេសនីមួយៗចាំបាច់ត្រូវតែយល់ពីគ្នាទៅវិញទៅមកឲ្យបានកាន់តែពេញលេញជាងនេះ ដើម្បីប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ ព្រមទាំងពិភពលោកផងដែរ។

លោក Kissinger បាននិយាយថា «នៅពេលដែលធ្វើការជាមួយគ្នា យើងអាចសម្រេចបាននូវរឿងដ៏អស្ចារ្យ មិនត្រឹមតែសម្រាប់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិផងដែរ»

លោកបានកត់សម្គាល់ថា «ប្រទេសចិន និងសហរដ្ឋអាមេរិកមានការយល់ឃើញខុសៗគ្នាចំពោះវប្បធម៌ និងរបៀបនៃការអនុវត្ត» ហើយនេះវាទាមទារឲ្យភាគីទាំងពីរត្រូវស្វែងយល់ពីគ្នា»៕