(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់បានប្រកាសកញ្ចប់ជំនួយយោធាតម្លៃ ៤០០លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដែលជាមានទំហំធំបំផុតរហូតមកដល់ពេលនេះ ក្នុងនោះរួមទាំងកាំភ្លើងធំធន់ធ្ងន់ និងគ្រាប់រំសេវ ប៉ុន្តែមិនមានរថក្រោះ Leopard នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Miko Savola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ុយក្រែននៅតែត្រូវការការគាំទ្របន្ថែមទៀត ដើម្បីការពារទឹកដីរបស់ខ្លួន»។
នេះជាកញ្ចប់ជំនួយលើកទី១២ហើយ របស់ក្រុមប្រទេស Nordic ដែលបានផ្តល់ជូនប្រទេសអ៊ុយក្រែន។ តម្លៃរួមបញ្ចូលគ្នានៃកញ្ចប់ជំនួយ១១លើកមុនៗ មានតម្លៃសរុប ១៩០លានអឺរ៉ូ (ប្រហែល ២០៥លានដុល្លារអាមេរិក)។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្គត់ផ្គង់អ៊ុយក្រែននូវប្រព័ន្ធកាំភ្លើងធំ Archer ដែលជាអាវុធចល័តដ៏ទំនើប ដែលទីក្រុងកៀវទាមទារចង់បានអស់ជាយូរមកហើយ ក៏ដូចជារថពាសដែក និងមីស៊ីលប្រឆាំងរថក្រោះផងដែរ។
សម្ព័ន្ធមិត្តអ៊ឺរ៉ុបក៏កំពុងដាក់សម្ពាធលើប្រទេសអាល្លឺម៉ង់ ឱ្យអនុញ្ញាតឱ្យមានការនាំចេញរថក្រោះ Leopard ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធជាច្រើននៅជុំវិញពិភពលោក រួមទាំងហ្វាំងឡង់ផងដែរ។
គួរបញ្ជាក់ថា លទ្ធភាពនៃការផ្គត់ផ្គង់រថក្រោះ Leopard ត្រូវគេរំពឹងថា នឹងស្ថិតនៅលំដាប់ខ្ពស់ក្នុងរបៀបវារៈពិភាក្សា នៃកិច្ចប្រជុំក្រុមប្រទេសលោកខាងលិចមួយផ្សេងទៀត ដែលរួមមានទាំងសហរដ្ឋអាមេរិកផងដែរ នឹងធ្វើឡើងក្នុងថ្ងៃសុក្រនេះ នៅឯមូលដ្ឋានយោធាក្នុងប្រទេសអាល្លឺម៉ង់ ស្តីពីការផ្គត់ផ្គង់អាវុធឱ្យទីក្រុងកៀវ៕