(ប៊ីលីស៉ី)៖ ក្រសួងមហាផ្ទៃនៃប្រទេសហ្សកហ្ស៉ី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា អតីតមន្រ្តីទាហានម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ ផ្តាច់ជីវិតមនុស្សសរុបចំនួន៥នាក់ រួចក៏ធ្វើអត្តឃាតតាមក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង ក្នុងទីក្រុងសាហ្ការេហ្សូ (Sagarejo) ដែលមានមនុស្សរស់នៅប្រមាណជា ១០,០០០នាក់ និងស្ថិតនៅចម្ងាយខ្ទង់៥០គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីប៊ីលីស៉ីរបស់ហ្សកហ្ស៉ី។ បើយោងតាមក្រសួងមហាផ្ទៃហ្សកហ្ស៉ី បុរសជាខ្មាន់កាំភ្លើងបានបាញ់ប្រហារចេញពី រានហាលនៃអគារស្នាក់នៅមួយកន្លែង ដែលបណ្តាលឱ្យស្លាប់មនុស្ស៤នាក់ នៅក្នុងបរិវេណអគារ ព្រមទាំងប៉ូលិសម្នាក់ ដែលត្រូវបានហៅឱ្យទៅកន្លែងកើតហេតុ។ ចំណែកមនុស្ស៥នាក់ទៀត ក៏បានរងរបួសផងដែរ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើ បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ពេលកងកម្លាំងប៉ូលិសបន្ថែមបានទៅដល់។ ភ្លាមៗនេះ មួលហេតុដែលបង្កឱ្យមានករណីបាញ់ប្រហារ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ជនបង្កត្រូវបានអាជ្ញាធរអះអាងថា ជាអតីតមន្រ្តីទាហានហ្សកហ្ស៉ី ដែលធ្លាប់បម្រើក្នុងជួរយោធាកាលពីចន្លោះឆ្នាំ២០០៦-២០១១ រួមមានទាំងនៅអាហ្វហ្កានីស្ថាន ផងដែរ ហើយកើតនៅឆ្នាំ១៩៧៤៕