(ញូយ៉ក)៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) បានិយាយនៅក្នុងបទសម្ពាសន៍មួយថា លោកសង្ឃឹមថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០​ ខែមករា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ហ្រ្គូសស៉ី ត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើសុន្ទរកថា របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) ដែលតែងតែលើកឡើងអំពី បញ្ហានុយក្លេអ៊ែរក្នុងជម្លោះនោះ។ លោក ហ្រ្គូសស៉ី បានកត់សម្គាល់ថា «សង្រ្គាមនុយក្លេអ៊ែរមិនអាចឲ្យមានឈ្នះបានទេ ហើយការប្រយុទ្ធគ្នាបែបនោះមិនគួរឲ្យកើតមានឡើងឡើយ។ ខ្ញុំមិនសំដៅលើការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់ នៃប្រទេសណាមួយទេ។ ប៉ុន្តែ ប្រាកដណាស់ ខ្ញុំសង្ឃឹមថានឹងមិនមានការប្រើប្រាស់នុយក្លេអ៊ែរ ក្នុងអំឡុងពេលមានជម្លោះនេះទេ»

គួរបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ ដែលគេស្គាល់ថាជាមនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៉ីបច្ចុប្បន្ន លោក វ៉្លាឌីមៀ ពូទីន បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រសិនបើរុស្ស៉ីចាញ់សង្រ្គាម នៅអ៊ុយក្រែន នោះវាអាចនឹងនាំទៅរកសង្រ្គាមនុយក្លេអ៊ែរ ដោយនេះមិនមែនជាលើកទី១នោះទេ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោក មេដវេដេវ ធ្លាប់បានចេញមុខព្រមាន ជាច្រើនលើកច្រើនសា អំពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ៕