(ប្រាស៉ីលីយ៉ា)​៖ ការិយាល័យប្រធានាធិបតីប្រេស៉ីល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) នឹងបើកកិច្ចប្រជុំមួយជាមួយសមភាគីអាមេរិក គឺលោក ចូ បៃដិន នៅថ្ងៃទី១០ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

លោក លូឡា ដែលទើបតែឡើងកាន់អំណាចកាលពីថ្ងៃទី១ ខែមករា សម្រាប់អាណត្តិទី៣ ក្នុងនាមជាប្រធានាធិបតីរបស់ប្រេស៉ីល នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែកុម្ភៈ។ លោក លូឡា ធ្លាប់បាននិយាយថា រូបលោកចង់​ធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយរដ្ឋាភិបាលបរទេស ដែលបានធ្លាក់ចុះដុនដាបនៅក្រោមអាណត្តិរបស់មេដឹកនាំមុន គឺលោក ហ្សាអៀ បូលសូណារ៉ូ (Jair Bolsonaro) ដូចជាចំណងទាក់ទងជាមួយអាមេរិកជាដើម។

កាលពីពេលនៅកាន់អំណាច លោក បូលសូណារ៉ូ បានរង់ចាំរយៈពេល៣៨ថ្ងៃ ទើបប្រកាសទទួលស្គាល់ជ័យជម្នះលោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ដែលបានមើលឃើញលោក បៃដិន យកឈ្នះលើអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ​ ត្រូវគេមើលឃើញថា ជាសម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធរបស់លោក បូលសូណារ៉ូ។ លោក បៃដិន បានអញ្ជើញលោក លូឡា ទៅកាន់សេតវិមាន កាលពីថ្ងៃទី៩ ខែមករា។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៉ីលវ័យ៧៧ឆ្នាំរូបនេះ នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមរយៈការធ្វើដំណើរទៅកាន់ប្រទេសជិតខាងគឺអាហ្សង់ទីន និងអ៊ុយរូហ្កាយ៕