(វ៉ាស៉ីនតោន)៖ សេតវិមានបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនជាមួយមេដឹកនាំអ៊ីស្រាអែល ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ ប្រទេសអ៊ីស្រាអែលនិងតំបន់វេសប៊េង (West Bank) កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រធានាធិបតីអ៉ីស្រាអែល លោក អ៉ីសសាក់ ហឺហ្សូក (Isaac Herzog) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លោក ស៊ូលីវ៉ាន់ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់អ៊ីស្រាអែល និងការគំរាមកំហែងដែលបង្កឡើងដោយអ៉ីរ៉ង់ ជាដើម។

លោកស្រី វ៉ាតសុន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ពួកគេក៏បានពិភាក្សាអំពីអ៊ុយក្រែន ក៏ដូចជាភាពជាដៃគូវិស័យការពារជាតិដែលកំពុងរីកចម្រើនរវាងរុស្ស៊ី និងអ៉ីរ៉ង់ រួមទាំងផលប៉ះពាល់នៃទំនាក់ទំនងនេះ ចំពោះសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ចំណែក លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងអំពីការពិនិត្យឡើងវិញ នូវគោលនយោបាយរបស់អ៉ីស្រាអែល ជុំវញសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ប៉ុន្តែមិនសន្យាផ្គត់ផ្គង់អាវុធដោយផ្ទាល់ ដល់ទីក្រុងកៀវឡើយ ទោះបីជាមានការអង្វរម្តងហើយម្តងទៀត ដោយប្រធានាធិបតីអ៊ុយក្រែន ឱ្យចូលរួមប្រឆាំងនឹងរុស្ស៊ី និងផ្តល់ប្រព័ន្ធការពារដែនអាកាសក៏ដោយ។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន អ៊ីស្រាអែលបានសន្យាបន្តគាំទ្រប្រជាជនអ៊ុយក្រែន តាមរយៈជំនួយមនុស្សធម៌ និងការកសាងក៏ដូចជាស្តារចនាសម្ព័ន្ធក្នុងវិស័យទឹក ថាមពល និងបរិក្ខារវេជ្ជសាស្រ្ដ ព្រមទាំងបន្តការបណ្តុះបណ្តាលជំនាញផ្នែកគ្រប់គ្រងគ្រាអាសន្ន និងសង្រ្គោះបន្ទាន់ផងដែរ។ ដោយឡែក សហរដ្ឋអាមេរិកគោរពការសម្រេចចិត្តដែលប្រទេសផ្សេងទៀតមាន លើបញ្ហាអ៊ុយក្រែន៕