(តាលីន)៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចំនួន១១ នៃអង្គការណាតូ (NATO) បានរួមគ្នាសន្យាផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹង សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។
ក្នុងសន្នីសារព័ត៌មានរួមមួយធ្វើឡើងនៅប្រទេសអេស្តូនី ក្រុមរដ្ឋមន្រ្តីការពារជាតិ NATO ទាំង១១រូប រួមមានទាំងប្រមុខការពារជាតិអង់គ្លេសនិងអេស្តូនី បានប្រកាសថា «លោកខាងលិចត្រូវតែបន្តរួមសាមគ្គីគ្នា ហើយបន្តគាំទ្រអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយយោធា។ អ្វីដែលអ៊ុយក្រែនត្រូវការបំផុត គឺសព្វាវុធធុនធ្ងន់ ខណៈសមរភូមិដ៏លំបាកៗខ្លាំង មិនទាន់មកដល់នៅឡើយទេ»។
ក្រោយកិច្ចប្រជុំមួយនៅមូលដ្ឋានយោធា តាប៉ា (TAPA) របស់អេស្តូនី ក្រុមរដ្ឋមន្រ្តី NATO ខាងលើ បានសន្យាផ្តល់សព្វាវុធផ្សេងៗ ដូចជាមីស៉ីល, ប្រព័ន្ធការពារអាកាសស្ទីងចឺ (Stinger), អាវុធប្រឆាំងយន្តហោះ, កាំភ្លើងធំ, កាំភ្លើងយន្ត, ការបណ្តុះបណ្តាល ក៏ដូចជាបរិក្ខារនិងសេវាកម្មដទៃទៀត។
សម្រាប់អង់គ្លេស ដែលទើបតែប្រកាសពីការសម្រេចបញ្ជូន រថក្រោះជាង១០គ្រឿងឱ្យអ៊ុយក្រែន គឺនឹងផ្តល់មីស៉ីលប្រ៊ីមស្តូន (Brimstone) ចំនួន៦០០គ្រាប់។ រីឯប៉ូឡូញ ដែលបានប្រកាសពីចេតនាចង់ផ្តល់រថក្រោះ Leopard ឱ្យអ៊ុយក្រែន ប៉ុន្តែរង់ចាំការសម្រេចចិត្តពីប្រទេសដទៃទៀតនោះ គឺនឹងបញ្ជូនប្រព័ន្ធកាំភ្លើងប្រឆាំងយន្តហោះ S-60 ជាមួយគ្រាប់សម្រាប់ប្រើប្រាស់ចំនួន៧០,០០០គ្រាប់។ ចំណែកដាណឺម៉ាកវិញ ក៏បានឱ្យដឹងថា ខ្លួននឹងផ្តល់ប្រព័ន្ធកាំភ្លើងធំហោវីតសឺ Caesar ចំនួន១៩គ្រឿងផងដែរ។
គួរបញ្ជាក់ថា លទ្ធភាពនៃការផ្គត់ផ្គង់រថក្រោះ Leopard ត្រូវគេរំពឹងថា នឹងស្ថិតនៅលំដាប់ខ្ពស់ក្នុងរបៀបវារៈពិភាក្សា នៃកិច្ចប្រជុំក្រុមប្រទេសលោកខាងលិចមួយផ្សេងទៀត ដែលរួមមានទាំងសហរដ្ឋអាមេរិកផងដែរ នឹងធ្វើឡើងក្នុងថ្ងៃសុក្រនេះ នៅឯមូលដ្ឋានយោធាក្នុងប្រទេសអាល្លឺម៉ង់ ស្តីពីការផ្គត់ផ្គង់អាវុធឱ្យទីក្រុងកៀវ៕