(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាបើអ៊ុយក្រែនយល់ព្រមទទួលយកសំណើរបស់រុស្ស៉ីកាន់តែឆាប់ នោះសង្រ្គាមសព្វថ្ងៃក៏អាចនឹងបិទបញ្ចប់កាន់តែឆាប់ផងដែរ ខណៈ បណ្ដាប្រទេសលោកខាងលិចសន្យាបញ្ជូនអាវុធទំនើបៗបន្ថែមដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

នៅឯសនិ្នសីទសារព័ត៌មានមួយ ក្នុងទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើរបបអ៊ុយក្រែន បង្ហាញពីការត្រៀមលក្ខណៈកាន់តែឆាប់ ដើម្បី ទទួលយកសំណើពីភាគីរុស្ស៉ី នោះអ្វីៗនឹងត្រូវបិទបញ្ចប់កាន់តែឆាប់ៗ ហើយប្រជាជនអ៊ុយក្រែនក៏អាចចាប់ផ្ដើមជីវិតថ្មីងើបចេញពីសោកនាដកម្មនេះ ដែលបង្កឡើងដោយរបបដឹកនាំទីក្រុងកៀវ»។ លោក ប៉េសកូវ បន្ថែមថារុស្ស៉ីនឹងសម្រេចគោលដៅទាំងឡាយរបស់ខ្លួននៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានអះអាងជារឿយៗថាខ្លួនកំពុងដឹកនាំប្រតិបត្តិការយោធាពិសេស ដើម្បីលុបបំបាត់មនោគមន៍វិជ្ជាណាហ្ស៉ី និងការពារប្រជាជននិយាយភាសារុស្ស៉ី នៅក្នុងតំបន់ភាគខាងកើត អ៊ុយក្រែន ពីអំពើប្រល័យពូជសាសន៍។ ប៉ុន្តែ​ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិចបានច្រានចោលការអះអាងបែបនេះ និងបានចាត់ទុកថាវាគ្រាន់តែជាលេសគ្មានមូលដ្ឋាន ដើម្បីឈ្លានពាន កាន់កាប់ទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ។ កន្លងមក វិមានក្រឹមឡាំងបានលើកឡើងថាដើម្បីអាចបើកកិច្ចចរចាសន្តិភាព អ៊ុយក្រែនត្រូវតែទទួលស្គាល់ទឹកដីចំនួន៤តំបន់ដែលរុស្ស៉ីបានកាត់បញ្ចូលជាឧបសម្ព័ន្ធ របស់ខ្លួនជាមុនសិន រីឯលោក ហ្សេលេនស្គី ក៏ធ្លាប់បានលើកឡើងពីផែនការសន្តិភាពចំនួន១០ចំណុចផងដែរ ក្នុងនោះរួមានទាំងការដកកងទ័ពរុស្ស៉ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕