(ចូហានណេសបឺក)៖ រុស្ស៊ី និង​ចិន​នឹង​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹករួមគ្នា​នៅឯឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ នៅក្នុងបង្ហាញពីការពង្រឹងទំនាក់ទំនងដ៏រឹងមាំរបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន និងភាពមិនប្រាកដប្រជានៃហិរញ្ញវត្ថុសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកស្រដៀងគ្នាបែបនេះដែរកាលពីឆ្នាំ២០១៩ នៅឯទីក្រុង Cape Town ខណៈដែលរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងកើតកាលពីខែមុន។

កងកម្លាំងប្រដាប់អាវុធរបស់អាហ្រ្វិកខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចូលរួមជាមួយកងទ័ពជើងទឹករុស្ស៊ី និងចិន នៅក្នុង «សមយុទ្ធកងទ័ពជើងទឹកពហុជាតិសាសន៍» ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៧ ដល់ ២៧ខែកុម្ភៈ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង ក្បែរទីក្រុង Durban និង Richards Bay»។

សមយុទ្ធនេះនឹងធ្វើឡើងក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ដោយវានឹងនាំមកនូវការផ្តោតអារម្មណ៍បន្ថែមទៀត ចំពោះការបដិសេធរបស់អាហ្វ្រិកខាងត្បូង ក្នុងការឈរជាមួយលោកខាងលិចដើម្បីថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។

គួរជម្រាបថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនបានប្រកាន់ជំហរអព្យាក្រឹតចំពោះអ៊ុយក្រែន និងបានអំពាវនាវឱ្យមានកិច្ចសន្ទនា និងការទូត ប៉ុន្តែសមយុទ្ធកងទ័ពជើងទឹកនាពេលខាងមុខនេះ ទោះចង់ឬមិនចង់វានឹងជំរុញឱ្យគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ ចោទប្រកាន់រដ្ឋាភិបាលថា បានចូលដៃយ៉ាងសកម្មជាមួយរុស្ស៊ី៕