(មូស្គូ)៖ ប្រទេសនៃបណ្តាសមាជិកអង្គការណាតូ បានធ្វើកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងការ ជម្រុញរបស់អ៊ុយក្រែនដែលត្រូវការរថពាសដែកចំនួន៣០០គ្រឿង រថយន្តប្រយុទ្ធថ្មើរជើង ចំនួន ៦០០ ទៅ ៧០០ គ្រឿង និងកាំភ្លើងត្បាល់ Howitzers ចំនួន៥០០ដើម ដើម្បីប្រយុទ្ធផ្តាច់ ព្រ័ត្រក្នុងឆ្នាំ២០២៣ជាមួយនឹងរុស្ស៊ី។ តើអ៊ុយក្រែនអាចសម្រេចនូវបំណងនោះបានដែរឬទេ?

សប្តាហ៍នេះ គឺជាសប្តាហ៍មមាញឹកបំផុតរបស់ប្រទេសនៃសហគមន៍អឺរ៉ុប។ បណ្តាប្រទេសជាសមា ជិកអង្គការណាតូដែលនឹងត្រូវផ្តល់ឧបករណ៍យោធាចាំបាច់ ជាពិសេសរថក្រោះដល់អ៊ុយក្រែន ដើម្បីត្រៀមធ្វើយុទ្ធនាការក្នុងសង្គ្រាមបន្តពីរដូវត្រជាក់។ ប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយ យោធាជាច្រើនដល់អ៊ុយក្រែនក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ប៉ុន្តែដើម្បីការយកឈ្នះលើ រុស្ស៊ីដែលមានរថក្រោះជាច្រើននោះ អ៊ុយក្រែនបានសម្លឹងឃើញរថក្រោះរបស់អាល្លឺម៉ង់ប្រ ភេទ Leopard2 ដែលជារថក្រោះទំនើបសម្រាប់ប្រយុទ្ធតទល់នឹងរថក្រោះរបស់រុស្ស៊ី។

ក្នុង សប្តាហ៍នេះ កិច្ចប្រជុំកំពូលដាវ៉ូស ក្នុងប្រទេសស្វីស បានប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៦ ដល់២០មករា។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីប្រទេសជាសមាជិកអង្គការណាតូ និង ប្រទេសដែលពាក់ព័ន្ធនានា ដែលរបៀបវារៈក៏រួមមានទាំងបញ្ហាអ៊ុយក្រែនផងដែរ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងកិច្ចប្រជុំកំពូលនោះ បានព្យាយាមថ្លែងបញ្ចៀស លើការផ្តល់រថក្រោះ Leopard2 ដល់អ៊ុយក្រែន។ លោក Olaf Scholz មិនបាននិយាយ អំពីរថ ក្រោះ Leopard2 ទាល់តែសោះក្នុងពេលដែលប្រតិភូអ៊ុយក្រែនម្នាក់ បានសួរលោកថា ហេតុ អ្វីបានជាលោកមានការស្ទាក់ស្ទើរក្នុង ការចុះហត្ថលេខាក្នុងការនាំរថក្រោះ Leopard2 ចេញ?

មេដឹកនាំអាល្លឺម៉ង់រូបនោះបានថ្លែងថា ប្រទេសអាល្លឺម៉ង់ជាប្រទេសដែលមានភាព ទាក់ទងយុទ្ធសាស្ត្រគ្នាជាមួយសហរដ្ឋអាមេរិក បារាំង ប្រទេសជាមិត្តនិងប្រទេសជាដៃគូ។ នេះជាប្រសាសន៍របស់លោកថ្លែងក្នុងកិច្ចប្រជុំកំពូលដាវ៉ូស។

លោក Olaf Scholz បានថ្លែងថា «រុស្ស៊ីបានបរាជ័យទាំងស្រុងក្នុងគោលដៅចក្រពត្តិនិយម របស់ខ្លួន។ ប្រទេសអ៊ុយក្រែនបានការពារខ្លួនជាមួយជោគជ័យដ៏ខ្លាំងក្លា និងសេចក្តីកា្លហានគួរកោតសរសើរ។ ក្រុមសម្ព័ន្ធជាអន្តរជាតិដឹកនាំដោយក្រុមប្រទេស G7 បាន ផ្តល់ដល់អ៊ុយក្រែននូវជំនួយសេដ្ឋកិច្ចហិរញ្ញវត្ថុ ជំនួយមនុស្សធម៌និងជំនួយយោធា។ ប្រទេសអាល្លឺម៉ង់តែមួយគត់កាលពីឆ្នាំទៅ បានជួយអ៊ុយក្រែននូវទំហំថវិកាជាង១២ពាន់លានអឺរ៉ូ។ ហើយ ប្រទេសអាល្លឺម៉ងនឹងជួយអ៊ុយក្រែនបន្តថែមទៀតក្នុងរយៈពេលយូរប្រសិនបើចាំបាច់…ប៉ុន្តែ ដើម្បីឱ្យសង្គ្រាមបញ្ចប់ ទង្វើឈ្លានពានរបស់រុស្ស៊ីត្រូវតែបរាជ័យ។ ហេតុដូច្នេះហើយបាន ជាយើងបន្តឧបត្ថម្ភជួយអ៊ុយក្រែនជាមួយនឹងអាវុធជាច្រើន ដោយបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង»

លោក Olaf បានបន្ថែមថា ការសម្រេចចិត្តអំពីរឿងអាវុធ ត្រូវតែជាផ្នែកនៃកិច្ចប្រឹង ប្រែងរួមគ្នា ដើម្បីជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាម។ លោកបានបញ្ជាក់ថា «យើងធ្វើការរួមគ្នាជា មួយអ្នកទាំងនោះ។ យើងពិភាក្សាជាមួយអ្នកទាំងនោះ។ យើងមិនដែលធ្វើកិច្ចការអ្វីមួយដោយខ្លួនឯងនោះទេ ប៉ុន្តែជាមួយអ្នកទាំងឡាយនោះ ជាពិសេសជាមួយ សហរដ្ឋអាមេរិកដែលវា មានភាពសំខាន់ក្នុងកាតព្វកិច្ចរួម ដើម្បីការពារឯករាជ្យនិងបូរណភាពទឹកដីអ៊ុយក្រែន។

ច្រើននាទីក្រោយមក ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិន ស្គី បានធ្វើសុន្ទរកថាមួយ តាមប្រព័ន្ធវីដេអូនៅក្នុងវេទិកាដាវ៉ូសនោះ។ លោក ហ្សេឡិន ស្គី បានថ្លែងថា ពិភពលោកមិន ត្រូវញញើតញញើមក្នុងការជួយអ៊ុយក្រែនវាយប្រឆាំងនឹងពួកឈ្លានពានឡើយ។

លោក ហ្សេឡិន ស្គីថ្លែងបន្តថា «ពេលវេលាដែលពិភពលោកសេរីប្រើប្រាស់ការគិតនោះ ពេលវេលានោះត្រូវបានប្រទេសភេរវករ បានប្រើប្រាស់វាសម្រាប់ការសម្លាប់មនុស្សទៅហើយ»

លោកបានថ្លែងថា អ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្តបានប្រឆាំងនឹងការឈ្លានពានរុស្ស៊ីប្រមាណជិតមួយឆ្នាំមកហើយ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញថា សកម្មភាពនៃចំណាត់ការទប់ទល់ ជាបន្ទាន់បានផ្តល់លទ្ធផលជាវិជ្ជមាន។ ការធ្វើចល័តរបស់ពិភពលោក ត្រូវធ្វើឱ្យបានលឿន ខណៈមានការចល័តយោធាជាបន្តបន្ទាប់របស់សត្រូវរួមរបស់យើង។ ការផ្តល់ឧបត្ថម្ភដល់ អ៊ុយក្រែនជាមួយនឹងប្រព័ន្ធអាវុធការពារអាកាស ត្រូវធ្វើឱ្យបានលឿនជាងការវាយប្រហារនៃ អាវុធមីស៊ីលរបស់រុស្ស៊ី។ ការផ្តល់ឧបត្ថម្ភរថក្រោះក្រុមប្រទេសលោកខាងលិច ត្រូវធ្វើឱ្យលឿន ជាងសកម្មភាពឈ្លានពានដោយរថក្រោះទាហានរុស្ស៊ី»។

ប្រសាសន៍របស់លោកហ្សេឡិនស្គីក្នុងកិច្ចប្រជុំកំពូលដាវ៉ូសនេះ ត្រូវគេនិយាយថា ជាការ បង្ហាញក្តីមិនពេញចិត្តចំពោះប្រទេសលោកខាងលិចដែលមានភាពយឺតយ៉ាង លើការផ្តល់អា វុធនិងឧបករណ៍យោធាដល់អ៊ុយក្រែន ក្នុងការទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ លោក ហ្សេ ឡិនស្គី បានថ្លែងបង្ហាញថា ជីវិតមនុស្សរបស់អ៊ុយក្រែនតែងតែស្លាប់ក្នុងរាល់វិនាទី ដែលប្រ ទេសលោកខាងលិចស្ទាក់ស្ទើរ និងធ្វើការពិចារណាមិនផ្តល់ឧបករណ៍យោធាធុនធ្ងន់ មកទាន់ពេលដើម្បីប្រឆាំងនឹងរុស្ស៊ី។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រទី២០មករាសប្តាហ៍នេះ នឹងមានកិច្ចប្រជុំមួយទៀតក្នុងមូលដ្ឋានអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលនឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន៥០នៃក្រុមកិច្ច សន្យាអ៊ុយក្រែន។ កិច្ចប្រជុំថ្ងៃសុក្រទី២០មករា នឹងស្ថិតក្រោមការរៀបចំរបស់រដ្ឋមន្ត្រីការពារ ជាតិអាមេរិកលោក Lloyd Austin ដើម្បីពិភាក្សានិងកិច្ចសហការលើជំនួយយោធាបន្តទៀត ដល់ប្រទេសអ៊ុយក្រែន។ កាលពីដើមខែមករានេះ ប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិក បានធ្វើការប្រកាសរួមគ្នាថា គេនឹងបញ្ជួនយានយន្តប្រយុទ្ធឬរថក្រើ Bradley និង Marder ទៅឱ្យប្រទេសអ៊ុយក្រែន។ ប្រភពខ្លះបាននិយាយថាគេជឿថារឿងប្រកាសទាំងនេះ នឹងអាចកើតឡើងនាចុងសប្តាហ៍នេះ។ នៅជាមួយគ្នានេះទៀត ប្រទេសប៉ូឡូញនិងហ្វាំងឡង់ បានប្រកាសថាគេចង់រថក្រោះ Leopard2 ដែលមានប្រមាណ២,៣០០ស្តុកទុកនៅតាមប្រ ទេសផ្សេងៗពីគ្នា នៃការជួសជុលដោយប្រទេសជាសមាជិករបស់អង្គការណាតូ។ ប៉ុន្តែអ្វីដែល គេត្រូវការនោះ ការអនុញ្ញាតពីប្រទេសអាល្លឺម៉ង់ដែលជាប្រទេសផលិតរថក្រោះ Leopard2 នោះ។

ឧត្តមសេនីយ៍របស់អ៊ុយក្រែន លោកវ៉ាឡឺរី ហ្សាលូស្ន៊ី Valeriy Zaluzhnyi បានថ្លែងថា អ៊ុយ ក្រែនត្រូវការរថពាសដែកចំនួន៣០០គ្រឿង រថយន្តប្រយុទ្ធថ្មើរជើងចំនួន ៦០០ ទៅ ៧០០ គ្រឿង និងកាំភ្លើងត្បាល់ Howitzers ចំនួន៥០០ដើម ដែលអាវុធទាំងនេះនឹងរំពឹងការអាចធ្វើ ឱ្យឈ្នះលើទាហានរុស្ស៊ីក្នុងឆ្នាំ២០២៣នេះ។

មន្ត្រីជំនាញយោធាបានថ្លែងថា បើសិនជាអ៊ុយ ក្រែនមានរថក្រោះរបស់ប្រទេសលោកខាងលិចត្រឹមតែ១០០គ្រឿង គឹនឹងអាចកែប្រែរូបភាព សង្គ្រាមវាយលុកក្នុងនិទាឃរដូវខាងមុខនេះ។ ក្រុមជំនាញយោធានិយាយទៀតថា អ៊ុយក្រែនពិតជាត្រូវការរថក្រោះដ៏ចាំបាច់ដើម្បីយកឈ្នះលើសង្គ្រាម ហើយរថក្រោះ Leopard2 របស់ អាល្លឺម៉ង់ គឹជារថក្រោះដែលមានសមត្ថភាពខ្ពស់សម្រាប់ធ្វើការប្រយុទ្ធ។

ប្រទេសប៉ូឡូញបានថ្លែងថា គេចង់ផ្តល់រថក្រោះចំនួនមួយកង គឺ១៤គ្រឿងដែលមានចំនួនដូច គ្នានឹងការសន្យារបស់ប្រទេសអង់គ្លេស។ គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទក្នុងសប្តាហ៍នេះ ប្រទេស អង់គ្លេសបានថ្លែងថា គេនឹងផ្តល់រថក្រោះចំនួន១៤គ្រឿងដល់អ៊ុយក្រែនដែលជាប្រភេទនៃរថ ក្រោះ Challenger2 ។

អធិបការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្ហូល កាលពីថ្ងៃពុធបានរងនឹងសម្ពាធពីបណ្តាប្រទេស ក្នុងសហគមន៍អឺរ៉ុប។ នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃព្រហស្បតិ៍ទី១៩មករានេះ ដ្ឋមន្ត្រីក្រសួងការ ពារជាតិប៉ូឡូញនិងអង់គ្លេស ធ្វើការជួបគ្នាជាមួយនឹងរដ្ឋមន្ត្រីជាដៃគូក្នុងរដ្ឋមកពីតំបន់បាល់ទិក ប្រព្រឹត្តទៅក្នុងប្រទេសអេសតូនៀ។ កិច្ចប្រជុំមួយថ្ងៃនៅមុនកិច្ចប្រជុំក្នុងមូលដ្ឋានអាកាស Ramstein នៃប្រទេសអាល្លឺម៉ង់នេះ គឺជាកិច្ចប្រជុំស្វែងរកការដាក់សម្ពាធមួយលើប្រទេសអា ល្លឺម៉ង់ ដើម្បីផ្តល់រថក្រោះ Leopard2 ដល់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែមានសញ្ញាបង្ហាញថា ទង្វើ របស់ប្រទេសអង់គ្លេសនោះ បានធ្វើឱ្យអាល្លឺម៉ង់ខឹងជាខ្លាំង។ ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់ទីភ្នាក់ងារ Reuteres ថា ប្រទេសអង់គ្លេសហាក់ដូចជា ធ្វើមិនដឹងមិនឮនូវអ្វីដែលអាល្លឺម៉ង់ ថ្មីៗនេះបានសម្រេចលើការផ្តល់ប្រព័ន្ធអាវុធមីស៊ីលការពារអាកាស Patriot និងរថពាសដែក Marder ចំនួន៤០ដល់អ៊ុយក្រែននោះឡើយ។ អាល្លឺម៉ង់ជាមួយនឹងការចោទប្រកាន់អង់គ្លេស ថា បានធ្វើសកម្មភាពឆ្លើយតបនឹងគំនាបនយោបាយផ្ទៃក្នុង បានថ្លែងថាការពឹងផ្អែកលើ ប្រទេសក្រុមសម្ព័ន្ធ គឺមិនមានប្រយោជន៍ឡើយ។ ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ការបញ្ជួនរថក្រោះទៅអ៊ុយក្រែនមិនមែនជាប្រការដែលហាមឃាត់នោះទេ ប៉ុន្តែសំណួរបែប នេះ នឹងត្រូវបន្តឱ្យមានការបញ្ជាក់ក្នុងដំណើរបែបបទរបស់ប្រទេសក្នុងតំបន់អត្លង់ទិក។

ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុបលោក Charles Michel បានចោទដាក់ រុស្ស៊ីថាបានអនុវត្ត យុទ្ធសាស្ត្រកម្ទេច យុទ្ធសាស្ត្រនៃការធ្វើឱ្យមនុស្សភ័យខ្លាច និងការព្យាយាមទម្លាក់គ្រាប់ បែកបង្ខំឱ្យអ៊ុយក្រែនចុះញ៉ម។ លោក Charles Michel ដែលជាអតីតនាយក រដ្ឋមន្ត្រីបែលហ្ស៊ីកបានថ្លែងថា ពេលនេះគឺជាពេលដ៏សមស្របមួយហើយ ដើម្បីប្រគល់នូវរថ ក្រោះរបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែន និងត្រូវយករឿងរ៉ាវធ្លាប់ខ្វែងគំនិតគ្នាពីមុន ទាំងអស់ដាក់ចោលទៅម្ខាងសិន។ លោក បានថ្លែងទៀតថា «ពេលវេលាមកដល់ ហើយ…គេត្រូវការជាបន្ទាន់នូវឧបករណ៍ជាច្រើនទៀត ហើយខ្ញុំផ្ទាល់ខ្លួនក៏ពេញចិត្តក្នុងការ ផ្តល់រថក្រោះដល់អ៊ុយក្រែនផងដែរ»។

ស្ថានីយ៍ដំណើរការច្រកចេញចូលយោធា MEPs បានជម្រុញ លោក អូឡាហ្វ ស្ហូល ក្នុងការត្រូវជួយផ្តល់រថក្រោះ Leopard2 ទៅប្រទេសអ៊ុយក្រែន ដោយមិនត្រូវបង្អែបង្អង់អ្វីទៀតនោះឡើយ ខណៈដែលមានការបោះឆ្នោតអនុម័តរបាយការណ៍ ស្តីពីសន្តិសុខរួមនិងគោលនយោបាយ ការពារក្នុងសម្លេង៤៥៩ទល់នឹង៩៣សម្លេង និងសម្លេង៨៥ទៀតអនុប្បវាទ។

ឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលមេដឹកនាំអ៊ុយក្រែននិងរុស្ស៊ី បានប្តេជ្ញាយកជ័យជំនះលើសមរភូមិ ។ លោក វ្លាឌីមៀរ ពូទីន ក្នុងដំណើរចុះពិនិត្យកម្មកររោងចក្រនៅ Saint Petersburg បានថ្លែង ថា លោកបានគិតថារុស្ស៊ីពិតជានឹងឈ្នះសង្គ្រាម។ ក្នុងពេលចុះទៅកាន់កន្លែងកម្មកររោងចក្រ នោះ មេដឹកនាំរុស្ស៊ីបានថ្លែងកោតសរសើរលើសេចក្តីក្លាហាន និងវិរភាពរបស់អ្នកប្រយុទ្ធរុស្ស៊ី ទាំងឡាយ និងកោតសរសើរលើកិច្ចការវិស័យឧស្សាហកម្មយោធាដែលកម្មកររុស្ស៊ីកំពុងបាន ធ្វើនាពេលនេះ។ លោកពូទីនបានថ្លែងថា «ការផលិតរបស់យើងលើមីស៊ីលការពារអាកាស គឺប្រៀបស្មើនឹងការ ផលិតរបស់ពិភពលោក។ ដូច្នេះវាគ្មានការសង្ស័យអ្វីដែលថា យើងមិនអាចទទួលជ័យជំនះ នោះទេ»

គួរបញ្ជាក់ថា សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៣២៩ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ១៩មករានេះ។ ក្នុងរយៈពេលនៃការធ្វើសង្គ្រាមរយៈពេលជិតមួយឆ្នាំមកនេះ រុស្ស៊ីបានរងនូវ ការព្រួតគ្នាពីក្រុមបស្ចឹមប្រទេស ទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការរារាំងរុស្ស៊ីលើ កិច្ចការ នយោបាយបរទេសនិងធ្វើឱ្យរុស្ស៊ីខាតបង់អស់ជាច្រើន។

ក្នុងឆ្នាំ២០២៣នេះ ខណៈអ៊ុយក្រែន ចោទថា មេដឹកនាំរុស្ស៊ីដាក់បញ្ជាការវាយផ្តាច់ព្រ័តចង់គ្រប់គ្រងតំបន់ដុនបាសទាំងស្រុងក្នុង ខែមីនា អ៊ុយក្រែនបានប្រើឳកាសនោះ អំពាវនាវរកការផ្តល់គ្រឿងសព្វាវុធ និងជំនួយជា បន្ថែមទៀតពីសហគមន៍អឺរ៉ុប ប្រទេសជាសមាជិកអង្គការណាតូ និងពីសហរដ្ឋអាមេរិក។ អ៊ុយក្រែនថ្លែងថា យ៉ាងហោចគេ​ត្រូវការ​រថពាសដែកចំនួន៣០០គ្រឿង រថយន្ត​ប្រយុទ្ធថ្មើរ ជើងចំនួន ៦០០ ទៅ ៧០០ គ្រឿង​ និង​កាំភ្លើងត្បាល់​ Howitzers ចំនួន៥០០ដើម ដើម្បីយក ជ័យជំនះលើរុស្ស៊ី។ តើរុស្ស៊ីនឹងអាចទប់ទល់នឹងការព្រួតគ្នារបស់អង្គការណាតូបានដែរឬទេ ក្នុងឆ្នាំ២០២៣នេះ។ ចម្លើយនេះ នឹងអាចបកស្រាយបានក្នុងសង្គ្រាមនិទាឃរដូវជិតមកដល់ខាងមុខនេះ៕