(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការភ្ញាក់ផ្អើលចំពោះព័ត៌មាន អំពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) ដោយហៅលោកស្រីថាជា «មិត្តដ៏ខ្ជាប់ខ្ជួន» របស់សិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook លោក លី បានសរសេរថា លោកបានជួបលោកស្រី អាឌឺន ជាច្រើនដងដោយផ្ទាល់ផង និងតាមអ៊ីនធឺណិតផងនៅក្នុងវេទិកាអន្តរជាតិ។

នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីរូបនេះ បានសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី អាឌឺន ជាអ្នកដឹកនាំដ៏អស្ចារ្យ ជាពិសេសក្នុងការដឹកនាំប្រទេសរបស់លោកស្រី ឱ្យឆ្លងកាត់វិបត្តិ ដូចជា ការវាយប្រហារនៅទីក្រុង Christchurch និងវិបត្តិកូវីដ១៩ ជាដើម។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកល សាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ៕