(ដាវ៉ូស)៖ សកម្មជនអាកាសធាតុស៊ុយអែតវ័យក្មេង កញ្ញា Greta Thunberg បានចោទប្រកាន់អ្នកដែលកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូសប្រទេសស្វីសថា ជាក្រុមមនុស្សជំរុញការបំផ្លិចបំផ្លាញភពផែនដី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី១៩ ខែមករា ឆ្នាំ២០២៣។

នាងបាននិយាយថា «ឥឡូវនេះយើងនៅក្នុងទីក្រុងដាវ៉ូសជាទីដែលមនុស្សភាគច្រើន ជាក្រុមអ្នកជំរុញការបំផ្លិចបំផ្លាញភពផែនដី»

សកម្មជនអាកាសធាតុវ័យក្មេងរូបនេះ ថែមទាំងបាននិយាយទៀតថា «ក្រុមមនុស្សដែលជាប្រភពនៃវិបត្តិអាកាសធាតុ។ ពួកគេជាអ្នករកស៊ីលើឥន្ធនៈហ្វូស៊ីល និងផ្សេងៗទៀត បែរជាយើងទាំងអស់គ្នាហាក់ដូចជាកំពុងពឹងផ្អែកលើដំណោះស្រាយ (បញ្ហាអាកាសធាតុ) ពីពួកគេទៅវិញ»

ទន្ទឹមគ្នានេះ កញ្ញា Thunberg បានជំរុញឲ្យសាធារណៈជនដាក់សម្ពាធលើក្រុមហ៊ុនផលិតប្រេងឥន្ធនៈទាំងនោះឲ្យបានកាន់តែខ្លាំង ដើម្បីឲ្យពួកគេវិលត្រឡប់ទៅរកដំណោះស្រាយត្រឹមត្រូវ សម្រាប់បញ្ហាបំរែបំរួលអាកាសធាតុឡើងវិញផងដែរ៕