(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៉ីបច្ចុប្បន្ន លោក វ៉្លាឌីមៀ ពូទីន បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើរុស្ស៉ីចាញ់សង្រ្គាមនៅអ៊ុយក្រែន នោះវាអាចនឹងនាំទៅរកសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។
លោក មេដវេដេវ ដែលសព្វថ្ងៃមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បាននិយាយដូច្នេះថា «ភាពបរាជ័យរបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមសព្វាវុធធម្មតា អាចនឹងបង្កឱ្យសង្រ្គាមអាវុធនុយក្លេអ៊ែរផ្ទុះឡើងបាន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរ មិនធ្លាប់ចាញ់សង្រ្គាមសំខាន់ៗ ដែលជោគវាសនាពួកគេអាស្រ័យលើនោះឡើយ»។ លោក មេដវេដេវ ដែលបានកាន់តំណែងជាប្រធានាធិបតីរុស្ស៉ី ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានព្រមានថា NATO គួរតែគិតគូរឱ្យបានហ្មត់ចត់ អំពីហានិភ័យនៃគោលនយោបាយរបស់ពួកគេ។
គួរបញ្ជាក់ថា រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេ ដែលកាន់កាប់ប្រមាណជា៩០ភាគរយ នៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពិភពលោក។ សម្រាប់ប្រទេសរុស្ស៉ី លោក ពូទីន ជាអ្នកមានសិទ្ធិសម្រេចចុងក្រោយបំផុត ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ខណៈ NATO មានឧត្តមភាពខ្លាំងជាងរុស្ស៉ីផ្នែកសព្វាវុធទូទៅ ទីក្រុងមូស្គូមានប្រៀបខ្លាំងជាងវិញនៅអឺរ៉ុប បើគិតពីអាវុធនុយក្លេអ៊ែរ។
ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោក មេដវេដេវ ធ្លាប់បានចេញមុខព្រមានជាច្រើនលើកច្រើនសា អំពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ រុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន ៥,៩៧៧គ្រាប់ ខណៈសហរដ្ឋអាមេរិកមាន៥,៤២៨គ្រាប់, ចិនមាន៣៥០គ្រាប់, បារាំងមាន២៩០គ្រាប់ និងចក្រភពអង់គ្លេសមាន២២៥គ្រាប់៕