(កូឡុំបូ)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានទៅដល់ទីក្រុងកូឡុំបូ (Colombo) របស់ស្រីលង្កា នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសឥណ្ឌាបានគាំទ្រស្រីលង្កា សម្រាប់ឥណទានចំនួន២.៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខណៈប្រការនេះធ្វើឱ្យប្រទេសចិន ក្លាយជាម្ចាស់បំណុលធំចុងក្រោយគេរបស់ប្រទេសដីកោះមួយនេះ ដែលមិនទាន់បានយល់ព្រមលើផែនការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ និងជាលើកទី៣ទៅកាន់ប្រទេសស្រីលង្កាចាប់តាំងពីឆ្នាំ២០២១មក រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា (Subrahmanyam Jaishankar) នឹងផ្តោតលើការពង្រឹងទំនាក់ទំនងរបស់ឥណ្ឌាជាមួយស្រីលង្កា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន។ មន្រ្តី២រូបនៃក្រសួងថាមពលស្រីលង្កា បាននិយាយថា ប្រទេសទាំងពីរក៏គ្រោងនឹងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់គម្រោងថាមពលកកើតឡើងវិញ ដែលគ្របដណ្តប់លើកោះចំនួន៣ នៅភាគខាងជើងនៃប្រទេសស្រីលង្កា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា លោក ចៃសាន់កា គ្រោងជួបប្រធានាធិបតីស្រីលង្កា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ លោកក៏នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស្រីលង្កា ផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌាបានប្រាប់ IMF ថាខ្លួនគាំទ្រពេញទំហឹងចំពោះផែនការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ស្រីលង្កា ដោយទីក្រុងកូឡុំបូជំពាក់ទីក្រុងញដេលី ក្នុងទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែស្រីលង្កាតម្រូវឱ្យមានការគាំទ្រពីឥណ្ឌាផងនិងចិនផង ដែលជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតរបស់ខ្លួន ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ IMF លើប្រាក់កម្ចីខាងលើ ដែលមានសារៈសំខាន់ ក្នុងការជួយប្រទេសនេះ ឲ្យរួចផុតពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ក្នុងរយៈពេល៧ទសវត្សរ៍ កន្លងមកនេះ៕