(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កូរ៉េខាងជើងបានសន្យាថានឹងបង្កើនផលិតកម្មឧស្សាហកម្ម និងធ្វើឲ្យសេដ្ឋកិច្ចត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ បន្ទាប់ពីការរំខានដែលបណ្តាលមកពីជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា «ភារកិច្ចចម្បង» សម្រាប់គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងជើង គឺធានាថាប្រទេសរបស់ខ្លួនអាចបំពេញតាមសន្ទស្សន៍សេដ្ឋកិច្ច និងគោលដៅសំខាន់ចំនួន១២មិនឲ្យបរាជ័យ។ នាយករដ្ឋមន្រ្តីកូរ៉េខាងជើង លោក គីម ថុកហ៊ុន (Kim Tok Hun) បានប្រាប់សម័យប្រជុំសភាថា ក្រុមមន្ត្រីនឹងរួមគ្នាសម្រេចឲ្យបាននូវប្រក្រតីភាពសេដ្ឋកិច្ច ផ្តល់ឲ្យប្រជាពលរដ្ឋនូវជីវភាពរស់នៅ ប្រកបដោយស្ថិរភាព និងកាន់តែប្រសើរឡើង ដោយការធ្វើឲ្យផលិតកម្មបច្ចុប្បន្នរស់ឡើងវិញ។

លោក គីម ថុកហ៊ុន បានបន្ថែមថា គណៈរដ្ឋមន្ត្រីប្រឈមមុខនឹង «កាតព្វកិច្ចកិត្តិយស» សម្រាប់ការធានាឲ្យបានថាឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់នៃការអភិវឌ្ឍន៍ក្នុងការទទួលស្គាល់ខួបលើកទី៧៥ នៃការបង្កើតប្រទេស។ ទន្ទឹមគ្នានេះ កូរ៉េខាងជើងបានទទួលជោគជ័យដ៏គួរឲ្យកត់សម្គាល់ ក្នុងការតស៊ូប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា យោងតាមធនាគារកណ្តាលកូរ៉េខាងត្បូង សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានធ្លាក់ចុះដោយការប៉ាន់ប្រមាណ ០.១ភាគរយក្នុងឆ្នាំ២០២១ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកទីពីរជាប់ៗគ្នា ដោយសារការរឹតត្បិតជំងឺកូវីដ១៩ និងទណ្ឌកម្មអន្តរជាតិធ្វើឲ្យប្រទេសនេះកាន់តែឯកោ៕