(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយថា លោកមានការព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងទីជនបទរបស់ប្រទេសចិន ខណៈដែលមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើត មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំំ២០២៣។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៉ិនហួ (Xinhua) គិតត្រឹមតែថ្ងៃពុធមួយថ្ងៃ មានមនុស្សប្រហែល ៣០.២លាននាក់ បានធ្វើដំណើរនៅទូទាំងប្រទេស។ អាជ្ញាធរផ្នែកដឹកជញ្ជូនព្យាករថា ការធ្វើដំណើរច្រើនជាង២ពាន់លានជើង នឹងកើតមានឡើងអំឡុងពេល៤០ថ្ងៃ ចន្លោះពីខែមករាដល់ខែកុម្ភៈ ដែលជាចំនួនច្រើនជាងជិត២ដង បើធៀបនឹងពីឆ្នាំ២០២២ និងស្មើនឹងប្រមាណ ៧០ភាគរយនៃកម្រិតមុនពេលមានកូវីដ១៩។
នៅមុនថ្ងៃឈប់សម្រាកមកដល់ មេដឹកនាំចិនរូបនេះ បានប្រាប់មន្ត្រីក្នុងតំបន់ អំពីការព្រួយបារម្ភជាចម្បងរបស់លោក ជុំវិញស្ថានភាពនៅតំបន់ជនបទ និងអ្នករស់នៅទីនោះ ក្រោយពេលដែលប្រទេសចិន បានកែសម្រួលវិធានការឆ្លើយតបនឹងកូវីដ១៩។ លោក ស៉ី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើង នូវការថែទាំផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកដែលងាយរងគ្រោះបំផុត រួមទាំងដោះស្រាយការខ្វះខាតក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៅតាមទីជនបទនានា។
គួរបញ្ជាក់ថា ប្រទេសចិនបានបិទបញ្ចប់គោលនយោបាយសូន្យ-កូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០២២ នឹងបានបើកព្រំដែនពេញលេញឡើងវិញនៅដើមឆ្នាំ២០២៣នេះ។ ការធ្វើណើរកំសាន្ត ឬទៅកាន់ស្រុកកំណើតវិញរបស់ប្រជាជនចិ នកំលុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ត្រូវគេបានរំពឹងថាអាចនឹងនាំឲ្យ មានការរីករាលដាលនូវជំងឺកូវីដ១៩ ទៅកាន់ទីជនបទដែលកំពុងស្ថិតក្រោមការកែលម្អជីវភាពនៅឡើយ៕