(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សភាអឺរ៉ុបបានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) បញ្ជូលកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ ទៅក្នុងបញ្ជីនៃក្រុមភេរវករ ក្រោមហេតុផលថា កងកម្លាំងដ៏មានឥទ្ធិពលនេះ បានប្រព្រឹត្តអំពើគាបសង្កត់លើក្រុមបាតុករ ហើយជាអ្នកនៅពីក្រោយការផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៉ី ដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។
ក្នុងសេចក្តីសម្រេចមួយ ដែលគាំទ្រដោយសំឡេងភាគច្រើនលើសលប់ សភាអឺរ៉ុបបានថ្កោលទោស ការបង្រ្កាបដ៏ឃោរឃៅរបស់អាជ្ញាធរអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងកងកម្លាំងឆ្មាំបដិវត្តន៍ ទៅលើចលនាបាតុកម្ម ដែលបានផ្ទុះឡើងក្រោយការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini)។ ខ្លឹមសារក្នុងសេចក្តីសម្រេច បានអំពាវនាវឱ្យ EU និងរដ្ឋជាសមាជិក បញ្ចូលឆ្មាំបដិវត្តន៍អ៉ីរ៉ង់ទៅក្នុងបញ្ជីក្រុមភេរវកររបស់ខ្លួន ក្រោមហេតុផលថា កងកម្លាំងនេះបានប្រព្រឹត្តអំពើភេរវកម្ម ហើយបង្រ្កាបយ៉ាងចាស់ដៃទៅលើក្រុមបាតុករ និងផ្គត់ផ្គង់យន្តហោះដ្រូនឱ្យទៅរុស្ស៉ី។
គួរបញ្ជាក់ថា យ៉ាងណាក្តី សភាអឺរ៉ុបមិនមានអំណាចចាប់បង្ខំឱ្យ EU ត្រូវតែធ្វើតាមសេចក្តីសម្រេចរបស់ខ្លួននោះឡើយ ក៏ប៉ុន្តែវាជាការបង្ហាញចេញ នូវសារនយោបាយមួយយ៉ាងច្បាស់ចំពោះទីក្រុងតេហេរ៉ង់។ បើត្រូវចាត់ទុកជាក្រុមភេរវករ មានន័យថា សមាជិកនានារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នឹងត្រូវចាត់ទុកជាជនល្មើសដោយ EU ហើយទ្រព្យសម្បត្តិទាំងអស់របស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលមាននៅក្នុងទឹកដី EU នឹងត្រូវបង្កក។ មួយវិញទៀត កងកម្លាំងនេះក៏មិនអាចទទួលមូលនិធិពីពលរដ្ឋ ឬក្រុមហ៊ុនរបស់ EU ផងដែរ៕