(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បានប្រកាសថា ប្រទេសអូស្រ្តាលីនឹងបញ្ជូនកងទ័ព ៧០នាក់ទៅកាន់អឺរ៉ុប ដើម្បីជួយផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។
លោក ម៉ាល បានប្រាប់ថា សមាជិករហូតដល់៧០នាក់ នៃកងកម្លាំងការពារជាតិអូស្រ្តាលី នឹងចាកចេញពីទីក្រុងដាវីន (Darwin) ក្នុងសប្តាហ៍នេះ ឆ្ពោះទៅចូលរួមជាមួយប្រទេសដៃគូដទៃទៀត នៅចក្រភពអង់គ្លេស ដើម្បីផ្តល់ការហ្វឹកហាត់ដ៏សំខាន់ ដល់ទាហានអ៊ុយក្រែន។
លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបានបន្ថែមថា កម្មវិធីផ្តល់ការហ្វឹកហាត់ដែលដឹកនាំ និងមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះ នឹងផ្តោតជាចម្បងទៅលើការហាត់រៀនយុទ្ធសាស្រ្តកងទ័ពជើងគោក សម្រាប់បរិស្ថាននៅតាមទីក្រុងនិងទីកន្លែងមានព្រៃឈើ។ លោក ម៉ាល ក៏បានគូសបញ្ជាក់ដែរថា នឹងមិនមានកងទ័ពអូស្រ្តាលីណាម្នាក់ ដែលត្រូវចូលទៅដល់ក្នុងប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលនេះឡើយ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន អូស្រ្តាលីបានផ្តល់ជំនួយសរុបទំហំ៦៥៥លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះ៤៧៥លានដុល្លារ គឺជាជំនួយយោធា។ បរិក្ខារយោធាដែលទីក្រុងកង់បេរ៉ាបានផ្តល់ឱ្យទីក្រុងកៀវ រួមមានដូចជារថយន្តយោធាការពារគ្រាប់ Bushmaster ចំនួន៩០គ្រឿង, កាំភ្លើងធំហោវីតសឺ M777 ៦គ្រឿង, រថពាសដែក M113 ២៨គ្រឿង ព្រមទាំងមីស៉ីលប្រឆាំងរថក្រោះ និងអាវុធផ្សេងៗទៀត៕