(យ៉េរ៉េវ៉ាន់)៖ ក្រសួងការពារជាតិអាមេនីនាថ្ងៃព្រហស្បតិ៍នេះបាន​ឱ្យដឹងថា គ្រោះអគ្គិភ័យបានកើតឡើងនៅ បន្ទាយយោធាមួយកន្លែង ហើយបានបណ្តាលឱ្យទាហានយ៉ាងហោចណាស់ ១៥នាក់បាត់បង់ជីវិត និង៣នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាមេនី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យោងតាមព័ត៌មានបឋម ទាហានចំនួន១៥នាក់បានស្លាប់ ដោយសារតែអគ្គិភ័យដែលបានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ខណៈទាហាន៣នាក់ផ្សេងទៀត ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមក្រសួង ហេតុការណ៍ភ្លើងឆេះនោះបានកើតឡើង កាលពីវេលាម៉ោង០១៖៣០នាទីរំលងអធ្រាត្រ ក្នុងភូមិអាហ្សាត់ (Azat) នៃតំបន់ហ្កេហ្កាហ្គូនីក (Gegharkunik) ភាគខាងកើតប្រទេសអាមេនី។

គួរបញ្ជាក់ថា សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យខាងលើ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ដោយឡែក កាលពីខែសីហា ឆ្នាំ២០២២ មនុស្សប្រហែលជាង១០នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ ហើយនិងភ្លើងឆេះដែលបានកើត​ឡើងតាមក្រោយ នៅផ្សារដ៏មមាញឹកមួយក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់៕