(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Microsoft បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ១០,០០០នាក់ ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់។ ការនេះវាធ្វើឱ្យក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយគេ ក្នុងការពិនិត្យឡើងវិញអំពីការជួលបុគ្គលិក ចំពេលភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសនៅថ្ងៃពុធនេះ លោក Satya Nadella ដែលជានាយកប្រតិបត្តិក្រុមហ៊ុនយក្សមួយនេះបាននិយាយថា ក្រុមហ៊ុនមិនមានភាពស៊ាំទៅនឹងសេដ្ឋកិច្ចពិភពលោកដែលខ្សោយនោះទេ។
លោកបានសង្កត់ធ្ងន់ថា ការកាត់បន្ថយនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងការផ្លាស់ប្តូរអាទិភាពអតិថិជន។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានកាត់បន្ថយបុគ្គលិករបស់ខ្លួនយ៉ាងច្រើនចាប់តាំងពីដើមឆ្នាំមក ដោយសារអតិផរណាដែលវាធ្វើឲ្យមានទម្ងន់លើការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើងនៃអត្រាការប្រាក់ជាដើម។ ជាក់ស្តែងដូចជាក្រុមហ៊ុន Amazon ក៏បានប្រកាសថា ខ្លួនគ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ១៨,០០០នាក់ដែរ។ ចំណែកក្រុមហ៊ុនមេរបស់ Facebook ក៏បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន ១១,០០០កន្លែងផងដែរ៕