(ស្វីស)៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានចោទប្រកាន់ក្រុមហ៊ុនប្រេងថា បាននិយាយកុហកដ៏ធំអំពីតួនាទីរបស់ពួកគេ ក្នុងការឡើងកំដៅផែនដី ដោយជំរុញឲ្យពួកគេត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

លោក Guterres បានថ្កោលទោសក្រុមហ៊ុនយក្សឥន្ធនៈហ្វូស៊ីល ចំពោះការមិនអើពើនឹងវិទ្យាសាស្ត្រអាកាសធាតុរបស់ពួកគេ ហើយបានចោទប្រកាន់ឧស្សាហកម្មប្រេង និងឧស្ម័នទាំងនេះថា កំពុងស្វែងរកការពង្រីកផលិតកម្ម បើទោះបីជាពួកគេដឹង «យ៉ាងច្បាស់» ថា គំរូអាជីវកម្មរបស់ពួកគេមិនសមស្របនឹងការរស់រានមានជីវិតរបស់មនុស្ស។

លោកបាននិយាយក្នុងអំឡុងសុន្ទរកថាពិសេសមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «ក្រុមហ៊ុនផលិតប្រេងធំៗមួយចំនួនបានផ្សព្វផ្សាយការកុហកដ៏ធំ...ហើយ​ដូច​ជា​ឧស្សាហកម្ម​ថ្នាំ​ជក់ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកកើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលនៃស្រាវជ្រាវរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្ត្រផ្ទាល់របស់ខ្លួន លើតួនាទីនៃឥន្ធនៈហ្វូស៊ីលក្នុងការប្រែប្រួលអាកាសធាតុ៕