(ដាវ៉ូស)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ បាននិយាយថា ចិនមានសារសំខាន់ខ្លាំងណាស់សម្រាប់អារ៉ាប៊ីសាអូឌីត ហើយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ប៉ុន្តែទន្ទឹមគ្នាសហរដ្ឋអាមេរិក ក៏ជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់របស់ទីក្រុងរីយ៉ាដផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស រដ្ឋមន្រ្តីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោក ម៉ូហាំម៉ាត់ អាល់ ចាដាអាន់ (Mohammed al-Jadaan) បានលើកឡើងយ៉ាងដូច្នេះថា «គោលដៅចម្បងរបស់យើង គឺធ្វើជាស្ពានភ្ជាប់​​ភាគីដែលខ្វែងគំនិតគ្នា... ធ្វើជាកម្លាំងនៃការទាក់ទំនង ហើយយើងកំពុងជំរុញការទាក់ទងគ្នា មិនថាជាមួយចិន សហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃទៀតនោះឡើយ។ យើងកំពុងដើរតួនាទីរបស់យើង ហើយអ្នកអាចរំពឹងបានថា អារ៉ាប៊ីសាអូឌីតនឹងបន្តដើរតួនាទី​​ដដែលនេះរបស់ខ្លួន»

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីតបានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ស្របពេលដែលទីក្រុងរីយ៉ាដព្យាយាមពង្រីកសម្ព័ន្ធភាពនៅទូទាំងពិភពលោក លើសពីភាពជា​ដៃគូយូរអង្វែងរបស់ខ្លួន ជាមួយក្រុមលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក។ នាពេលនោះ សេតវិមានបានចេញមុខ​ព្រមានថា ទស្សនកិច្ចរបស់លោក ស៉ី គឺជាឧទាហរណ៍នៃការប៉ុនប៉ងពង្រីកឥទ្ធិពលរបស់ចិន ហើយវានឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិក ចំពោះតំបន់មជ្ឈិមបូព៌ាឡើយ៕