(ប៉េកាំង)៖ កាលពីថ្ងៃទី១៧ ខែមករា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសពី ទិន្នន័យសេដ្ឋកិច្ចជាតិឆ្នាំ២០២២។ តាមការគណនាជាជំហានដំបូង តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំ២០២២ បានឡើងដល់១២១ទ្រីលាន និង២ម៉ឺន៧រយលានយាន់ប្រាក់ចិន បើគិតតាមតម្លៃមិនប្រែប្រួល បានកើនឡើង៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានឡើងដល់កម្រិតខ្ពស់ថ្មីម្តងទៀត ដែលបានឈានដល់១២០ទ្រីលានយាន់ប្រាក់ចិនបន្ទាប់ពី បានឈានដល់១០០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២០ និងឈានដល់១១០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២១ ។

ក្នុងបរិបទដែលរងផលប៉ះពាល់ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើន ដូចជាភាពច្របូកច្របល់នៃស្ថានការណ៍នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើង និងជំងឺកូវីដ១៩ក្នុងស្រុកចិនបានរីករាលដាលនៅតំបន់ជាច្រើនជាដើម សេដ្ឋកិច្ចប្រទេសចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ធ្វើឱ្យទំហំសេដ្ឋកិច្ចសរុបបំបែកកំណត់ត្រាជាថ្មីម្តងទៀត ពិតជាមិនងាយទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២គឺ៣ភាគរយ តួលេខនេះខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗភាគច្រើន ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លានិងកម្លាំងរស់រវើកយ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន ។

បើមើលសភាពជាទូទៅ ដំណើរការសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២ សម្រេចបាននូវការរីកចម្រើនប្រកបដោយស្ថិរភាព ។ មួយផ្នែក លើមូលដ្ឋានកំណើនបរិមាណដ៏សមហេតុផល ឱកាសការងារធ្វើនិងតម្លៃទំនិញបានរក្សាស្ថិរភាពជាទូទៅ ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទនៅឆ្នាំ២០២២ បានកើនឡើង១២លាន៦ម៉ឺននាក់ ដែលលើសពីគោលដៅឆ្នាំ២០២២ ចំនួន១១លាននាក់ ។ មួយផ្នែកទៀត ចិនបានបោះជំហានទៅមុខជាប់រហូតមក ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

ទន្ទឹមនឹងចិនអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជំរុញដោយការច្នៃប្រឌិតថ្មីកាន់តែស៊ីជម្រៅ ថាមពលចលករថ្មីបានដើរតួនាទី ណែនាំកាន់តែលេចធ្លោចំពោះសេដ្ឋកិច្ចប្រទេសចិន ។ សមាមាត្រនៃទំហំលក់រាយទំនិញតាមបណ្តាញអ៊ីនធើណេតត្រូវជា ២៧,២ភាគរយនៃទំហំសរុបការលក់រាយរបស់ប្រើប្រាស់ក្នុងសង្គម ដែលបានកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលបានបង្ហាញពីបម្រែបម្រួលក្នុងជីវភាពរស់នៅ របស់ប្រជាជនដែលនាំមកពីសេដ្ឋកិច្ចឌីជីថល ។
ទន្ទឹមនឹងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ឈានចូលដំណាក់កាលថ្មី កម្លាំងរស់រវើកសេដ្ឋកិច្ចបានបញ្ចេញកាន់តែច្រើនឡើងៗ ។

បច្ចុប្បន្ននេះ ជើងយន្តហោះក្នុងស្រុកចិនបានរៀបចំឡើងវិញលើសពី ៨០ភាគរយនៃឆ្នាំ២០១៩ ។ កាសែត 《The Washington Post》 បានចុះផ្សាយអត្ថបទថា មានបាតុភូតបង្ហាញថា សេដ្ឋកិច្ចប្រទេសចិនបាននិងកំពុងមានភាពរស់រវើកឡើងវិញ ចំនួនមនុស្សជិះរថយន្តក្រោមដីនៅទីក្រុងធំៗ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយអ្នកប្រើប្រាស់ដែលបានសន្សំទុកប្រាក់ មានសមត្ថភាពចំណាយលុយ ។ "និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចរបស់ចិន គឺជាដំណឹងល្អ ។" លោកស្រី Kristalina
Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា សេដ្ឋកិច្ចចិនមានលទ្ធភាពក្លាយជាកត្តាសំខាន់បំផុតមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ។

ក្នុងឆ្នាំថ្មី ពិតមែនតែបរិយាកាសអន្តរជាតិនៅតែប្រែប្រួលយ៉ាងស្មុគ្រស្មាញ កំណើនសេដ្ឋកិច្ចសកលមានកម្លាំងមិនគ្រប់គ្រាន់ ហើយមូលដ្ឋាននៃការស្តារសេដ្ឋកិច្ចឡើងវិញក្នុងស្រុកចិនមិនសូវរឹងមាំក៏ដោយ ក៏ប៉ុន្តែដោយសារប្រទេសចិនមានមូលដ្ឋានសម្ភារៈដ៏រឹងមាំដែលបានរក្សាទុកជាយូរមកហើយ ឧត្តមភាពក្នុងទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើម ក៏ដូចជាការអនុវត្តកំណែទម្រង់និងការបើកទូលាយ មានភាពកាន់តែស៊ីជម្រៅបានបញ្ចេញភាគលាភជាបន្តបន្ទាប់ និងបទពិសោធន៍ជាច្រើនក្នុងការគ្រប់គ្រងម៉ាក្រូ ដូច្នេះ សេដ្ឋកិច្ចចិនមានជំនឿចិត្តនឹងមាន ភាពល្អប្រសើរឡើងវិញទាំងស្រុងក្នុងឆ្នាំថ្មី ៕

វិទ្យុមិត្តភាពកម្ពុជាចិន