(តៃប៉ិ)៖ អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) នៅថ្ងៃពុធនេះបានសន្យាថា រូបលោកនឹងរក្សាស្ថានភាពសន្តិភាពជាមួយចិន ប៉ុន្តែទន្ទឹមគ្នាក៏នឹងការពារតៃវ៉ាន់ផងដែរ បន្ទាប់ពីលោកបានឡើងជាប្រធានគណបក្សកាន់អំណាច ហើយត្រូវគេរំពឹងថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្ស ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។
លោក ឡៃ បានជាប់ឆ្នោតជាប្រធានថ្មីរបស់គណបក្ស DPP កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានលាលែងពីតំណែងជាប្រធានបក្ស កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយគណបក្សទទួលបានលទ្ធផលមិនល្អ ក្នុងការបោះឆ្នោតថ្នាក់តំបន់។
លោក វីលៀម ឡៃ ត្រូវមតិភាគច្រើនរំពឹងថា នឹងក្លាយជាបេក្ខជនរបស់គណបក្ស DPP សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៤ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ។ ដោយឡែក លោកស្រី សៃ គឺមិនអាចបន្តឈរឈ្មោះជា ប្រធានាធិបតីបានទៀតនោះទេ ដោយសារការកំណត់អាណត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កោះតៃវ៉ាន់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយឡើងកាន់តួនាទីជាផ្លូវការជាប្រធានបក្ស DPP លោក ឡៃ បានលើកឡើងថា ដោយប្រឈមការគំរាមកំហែងពីចិន បេសកកម្មរបស់បក្ស DPP គឺការពារកោះតៃវ៉ាន់ ប៉ុន្តែការរក្សាសន្តិភាពក៏ជាក្តីរំពឹងរួម របស់ប្រជាជននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ដូច្នេះហើយលោក នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាស្ថានភាពដើមនៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ប៉ុន្តែលោកបន្ថែមថា សន្តិភាពក៏ពឹងផ្អែកលើការការពារជាតិផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក ឡៃ ធ្លាប់បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ដែលពេលនោះលោកមានឋានៈជា នាយករដ្ឋមន្រ្តីបាននិយាយប្រាប់សភាតៃវ៉ាន់ថា គោលជំហររបស់លោក គឺតៃវ៉ាន់ជាប្រទេសធិបតេយ្យនិងឯករាជ្យមួយ ខណៈវាគឺជាបន្ទាត់ក្រហមមួយ ដែលចិនបានព្រមានធ្ងន់ៗថា មិនឱ្យឈានជើងរំលងដាច់ខាត៕