(ដាវ៉ូស)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺឡេយិន (Ursula von der Leyen) បាននិយាយថា ប្រទេសលោកខាងលិចគួរតែផ្គត់ផ្គង់អ៊ុយក្រែននូវសព្វាវុធ ដែលពួកគេត្រូវការជាចាំបាច់រួមទាំងប្រព័ន្ធអាវុធទំនើប សម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី ឡេយិន ត្រូវបានចោទសួរថា តើលោកស្រីគិតថាអាល្លឺម៉ង់គួរតែផ្គត់ផ្គង់រថក្រោះ Leopard 2 ដល់រដ្ឋាភិបាលក្រុងកៀវវដែរឬទេ។ លោកស្រីបានឆ្លើយតបយ៉ាងដូច្នេះថា «ដូចដែលយើងបានដឹងហើយថា សហភាពអឺរ៉ុបមិនមានសមត្ថភាពខាងផ្នែកយោធាណាមួយទេ ប៉ុន្តែខ្ញុំបាននិយាយតាំងពីការចាប់ផ្តើមនៃសង្រ្គាមឈ្លានពាននេះថា អ៊ុយក្រែនគួរតែទទួលបានឧបករណ៍យោធាទាំងអស់ដែលខ្លួនត្រូវការ ហើយអាចប្រើប្រាស់វាបាន ដែលរួមបញ្ចូលទាំងប្រព័ន្ធអាវុធទំនើបផងដែរ។

ខណៈក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ត្រៀមជួបពិភាក្សានៅឯមូលដ្ឋានទ័ពអាកាសរ៉ាំស្តែន (Ramstein) នៅថ្ងៃសុក្រសប្តាហ៍នេះ លោកស្រី វ៉ុនឌឺឡេយិន ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយដើម្បីឆ្ពោះទៅមុខ ហើយនិងការសម្រេចចិត្តដើម្បីផ្គត់ផ្គង់រថក្រោះ Leopard 2 ដែលជារឿងចាំបាច់ នឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១៤គ្រឿងទៅអ៊ុយក្រែន ខណៈប៉ូឡូញ និងហ្វាំងឡង់ ក៏បានបង្ហាះឆន្ទៈក្នុងការផ្តល់រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ពីស្តុករបស់ពួកគេទៅកាន់ទីក្រុងកៀវ ផងដែរ។ យ៉ាងនេះក្តី ចំណាត់ការបែបនេះ នឹងទាមទារការអនុញ្ញាត ពីទីក្រុងបែរឡាំង ដោយទីក្រុងវ៉ាសូវី និងប្រទេសអឺរ៉ុបមួយចំនួនទៀត កំពុងជំរុញអាជ្ញាធរអាល្លឺម៉ង់ ឲ្យយល់ព្រមលើសំណើររបស់ពួកគេ៕