(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សសរុបចំនួន១៨នាក់ ក្នុងនោះរួមមានទាំងកុមារ៣នាក់ ហើយនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់​អ៊ុយក្រែន បានបាត់បង់ជីវិត នៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ នៅក្បែរសាលាមត្តេយ្យ និងអគារស្នាក់នៅមួយកន្លែងក្បែររដ្ឋធានីកៀវ កាលពីវេលាព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

អគ្គស្នងការប៉ូលិសជាតិអ៊ុយក្រែន លោក អ៉ីហ្គ័រ ឃ្លីមិនកូវ (Igor Klymenko) បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើ គឺ១៨នាក់ ហើយក្នុងចំណោមអ្នកស្លាប់ រួមមានរដ្ឋមន្រ្តីមហាផ្ទៃលោក ដេនីស ម៉ូណាស្ទីស្គី (Denys Monastyrsky) និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ទៀត របស់ក្រសួងមហាផ្ទៃ។ ក្រៅពីនេះ មនុស្សចំនួន២៩នាក់ផ្សេងទៀត រួមមានកុមារ១៥នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការសង្រ្គោះព្យាបាលផងដែរ។ មានមនុស្សសរុប៩នាក់ រួមទាំងលោក ម៉ូណាស្ទីស្គី ស្ថិតនៅលើឧទ្ធម្ភាគចក្រ។

គួរបញ្ជាក់ថា ភ្លាមៗគេមិនទាន់ដឹងច្បាស់អំពី មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រខាងលើនៅឡើយទេ ខណៈទីតាំងកើតហេតុគឺស្ថិតនៅ ក្នុងក្រុងឈ្មោះប្រូវ៉ារី (Brovary) ចម្ងាយប្រហែល២០គីឡូម៉ែត្រពីភាគឦសានទីក្រុងកៀវ៕