(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញសេចក្តីព្រាងច្បាប់មួយទៅកាន់រដ្ឋសភា ដែលស្នើឲ្យបញ្ចប់លក្ខន្តិកៈរបស់ក្រុមប្រឹក្សាអឺរ៉ុប និងអនុសញ្ញាអឺរ៉ុបស្តីពីការបង្ក្រាបអំពើភេរវកម្ម និងការការពារសិទ្ធិមនុស្ស ទាក់ទងនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ឯកសារដែលត្រូវបានផ្សព្វផ្សាយដោយសភារុស្ស៉ី នៅថ្ងៃអង្គារសប្តាហ៍នេះ មានខ្លឹមសារយ៉ាងដូច្នេះថា «ដោយសារតែការបញ្ចប់សមាជិកភាពរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២មក កិច្ចព្រមព្រៀងអន្តរជាតិសរុបចំនួន២១ ត្រូវបានស្នើឱ្យលុបចោលសុពលភាពពាក់ព័ន្ធនឹងប្រទេសរុស្ស៉ី ដែលក្នុងនោះរួមមានដូចជា លក្ខន្តិកៈនៃក្រុមប្រឹក្សាអឺរ៉ុប ដែលត្រូវបានចុះនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៩, អនុសញ្ញាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៥០ សម្រាប់ការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងអនុសញ្ញាអ៊ឺរ៉ុប ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៧ ស្តីពីការបង្ក្រាបអំពើភេរវកម្ម... ជាដើម»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ រុស្ស៉ីបានប្រកាសដកខ្លួនចេញពីស្ថាប័នអឺរ៉ុបខាងលើ ខណៈបើតាមការកំណត់ គឺសមាជិកភាពរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ឯណោះ។ មួយថ្ងៃក្រោយការប្រកាសដកខ្លួនរបស់រុស្ស៉ី គណៈកម្មាធិការអឺរ៉ុបក៏បានបោះឆ្នោតសម្រេចបណ្តាញរុស្ស៉ីចេញពីសមាជិកនៃក្រុមប្រឹក្សាមួយនេះ៕