(អាស្តាណា)៖ សារាចរណែនាំមួយរបស់រដ្ឋាភិបាលកាហ្សាក់ស្ថាន ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា កាហ្សាក់ស្ថាន នឹងលែងអនុញ្ញាតឱ្យពលរដ្ឋរុស្ស៉ីអាចស្នាក់នៅ ក្នុងប្រទេសអាស៉ីកណ្តាលមួយនេះជាប់រហូត គឺតាមរយៈការស្នើទិដ្ឋាការរៀងរាល់ រយៈពេល៣ខែម្តងបានតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។
រដ្ឋាភិបាលទីក្រុងអាស្តាណានឹងបញ្ឈប់ការអនុញ្ញាតខាងលើ ចាប់ពីថ្ងៃទី២៦ ខែមករាតទៅ ដោយនឹងតម្រូវឱ្យជនជាតិរុស្ស៉ីទាំងអស់ ក៏ដូចជាពលរដ្ឋនៃប្រទេសជាសមាជិកដទៃទៀត នៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី (Eurasian Economic Union) ដែលជាប្លុកមួយនៃបណ្តាអតីតរដ្ឋសូវៀត ត្រូវតែចាកចេញពីប្រទេសកាហ្សាក់ស្ថាន សម្រាប់រយៈពេលយ៉ាងហោច៩០ថ្ងៃសិន ក្រោយអនុញ្ញាតឱ្យស្នាក់នៅរយៈពេល៣ខែ ទើបអាចស្នើសុំទិដ្ឋាការជាថ្មីបាន។
គួរបញ្ជាក់ថា កន្លងមក ពលរដ្ឋនៃបណ្តាប្រទេសនៅក្នុងប្លុកសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី អាចនិយាយបានថា គឺមានសមត្ថភាពស្នាក់នៅ ក្នុងប្រទេសកាហ្សាក់ស្ថានបានជារៀងរហូតតែម្តង តាមរយៈការចាកចេញនៅពេលផុតទិដ្ឋាការ ហើយស្នើសុំទិដ្ឋាការ ដើម្បីត្រឡប់មកចូលស្នាក់នៅវិញភ្លាមៗ រៀងរាល់រយៈពេល៩០ថ្ងៃ។
ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន ដែលបានស្នើឡើងនូវការធ្វើកំណែទម្រង់ខាងលើ បាននិយាយថា វានឹងជួយរដ្ឋាភិបាលក្តោបក្រាប់ការគ្រប់គ្រងលើបញ្ហាអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។ កាលពីឆ្នាំ២០២២ ស្របពេលទីក្រុងមូស្គូ ដែលបានជួបឧបសគ្គក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន បានប្រកាសកេណ្ឌកងទ័ពបម្រុងក្នុងទ្រង់ទ្រាយធំ ពលរដ្ឋរុស្ស៉ីរាប់ម៉ឺននាក់ភាគច្រើន ជាបុរសវ័យក្មេងនិងវ័យកណ្តាល បាននាំគ្នាផ្លាស់ទៅស្នាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន៕