(កង់បេរ៉ា)៖ អូស្រ្តាលីនៅថ្ងៃពុធនេះបានបញ្ជាក់ថា ខ្លួននឹងទិញឧទ្ធម្ភាគចក្រយោធា ប្លេកហាក (Black Hawk) ពីសហរដ្ឋអាមេរិក ចំនួន៤០គ្រឿង ក្នុងតម្លៃប្រហែល២.៨ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹងជិត២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយខាងលើ គឺបន្ទាប់ពីមានការយល់ព្រមរបស់ ក្រសួងការបរទេសអាមេរិក កាលពីខែសីហា ឆ្នាំ២០២២។ ក្រុមឧទ្ធម្ភាគចក្រ UH-60M Black Hawks ទាំងនោះ ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) នឹងត្រូវអូស្រ្តាលីយកទៅប្រើប្រាស់ជំនួស ក្រុមឧទ្ធម្ភាគចក្រ តៃប៉ាន (Taipan) MRH-90 របស់ខ្លួន ដែលបានជួបប្រទះបញ្ហានៃការជួសជុលថែទាំ ជាច្រើនឆ្នាំមកហើយ។ រីឯការប្រគល់ឧទ្ធម្ភាគចក្រ Black Hawk នឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះតែម្តង។

គួរបញ្ជាក់ថា អូស្រ្តាលីបាននិងកំពុងបង្កើនការចំណាយទៅលើ វិស័យការពារជាតិរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលចិនបានបង្កើនឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ការសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ា កាលពីឆ្នាំ២០២១ ក្នុងការបោះបង់ចោលនាវាមុជទឹករបស់បារាំង ហើយងាកទៅរកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវផលិត​ដោយ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស គ៏បានបង្កឱ្យមានបញ្ហាវិវាទការទូតកើតមានឡើង ជាមួយទីក្រុងប៉ារីសផងដែរ៕