(ប៉ារីស)៖ លោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ដែលជាដូនជីម្នាក់នៅឯប្រទេសបារាំង និងជាប់ឈ្មោះជាមនុស្ស ដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោកនោះ គឺបានទទួលមរណភាពហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅអាយុ១១៨ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ដំណឹងមរណភាពខាងលើត្រូវបានប្រកាសដោយលោក ដេវីដ តាវេលឡា (David Tavella) អ្នកនាំពាក្យមណ្ឌលថែទាំជនចាស់ជរា សាំង-កាតឺរីន-ឡាបួរ (Sainte-Catherine-Laboure) ស្ថិតនៅក្រុងទូឡុង (Toulon) ភាគខាងត្បូងនៃប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ ជាពេលដែលរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក ទើបតែបើកសម្ពោធស្ថានីយរថភ្លើង​ក្រោមដីលើកដំបូងរបស់ខ្លួន ហើយមួយទសវត្សរ៍ទៀត ទើបសង្រ្គាមលោកលើកទី១ចាប់ផ្តើម។ លោកយាយបានក្លាយជាដូនជីនៅ​អាយុ៤១ឆ្នាំ។

គួរបញ្ជាក់ថា ដូនចាស់ លូស៉ីល រ៉ង់ដុង បានក្លាយជាបុគ្គលមានវ័យចំណាស់ជាងគេលើលោក បន្ទាប់ពីលោកយាយ កាណេ តាណាកា (Kane Tanaka) ដែលជាជនជាតិជប៉ុន បានទទួលមរណភាពនៅអាយុ១១៩ឆ្នាំ កាលពីឆ្នាំ២០២២៕