(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) នៅថ្ងៃអង្គារសប្តាហ៍នេះបានបើកកិច្ចពិភាក្សាយ៉ាងទូលំទូលាយ ដែលរួមបញ្ចូលនូវក្តីបារម្ភរបស់ហូឡង់អំពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព៊ែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានោះថា លោក រូតតេ បានប្រាប់លោក បៃដិន អំពីផែនការការរបស់ហូឡង់ដើម្បីផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ទៅឲ្យអ៊ុយក្រែនក្រោមគំនិតផ្តួចផ្តើមជាមួយអាល្លឺម៉ង់ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

ក្នុងឱកាសស្វាគមន៍នាយករដ្ឋមន្ត្រីហូឡង់មកកាន់សេតវិមាន លោក បៃដិន បានថ្លែងអំណរគុណដល់ លោក រូតតេ ដែលមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងសម្រាប់ការគាំទ្រអ៊ុយក្រែន។ លោកក៏ទន្ទឹងរង់ចាំពិភាក្សាលើវិធីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាផលិតបន្ទះឈីប ឬសឺមីកង់ឌុចទ័រ (semiconductor) ដែលសហរដ្ឋអាមេរិកបានអនុម័តវិធានការ ដើម្បីបង្អាក់សមត្ថភាពរបស់ចិនក្នុងការផលិតបន្ទះឈីប ហើយមន្ត្រីពាណិជ្ជកម្មអាមេរិករំពឹងថា ហូឡង់ ជប៉ុន នឹងអនុវត្តច្បាប់ស្រដៀងគ្នានេះ។

គួរបញ្ជាក់ថា ហូឡង់បានសម្រេចចិត្តចំណាយប្រាក់បន្ថែមចំនួន ២.៥ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ២.៧០ពាន់លានដុល្លារ។ ដោយឡែកសម្រាប់ការនាំចេញខាងបច្ចេកវិទ្យាវិញ ហូឡង់ មានក្រុមហ៊ុនធំបំផុតមួយគឺ ASML Holding ដែលជាអ្នកផ្គត់ផ្គង់ដល់ឧស្សាហកម្ម semiconductor ដោយកន្លងទៅរដ្ឋមន្ត្រីពាណិជ្ជកម្មបានអះអាងថា ហូឡង់នឹងមិនទទួលយកការទាមទាររបស់សហរដ្ឋអាមេរិកឡើយ ស្តីអំពីបច្ចេកវិទ្យាបន្ទះឈីបនេះ៕