(តេហេរ៉ង់)៖ ក្រុមសិទ្ធិមនុស្សមួយបាននិយាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រៃស៉ី (Ebrahim Raisi) បានក្លាយជាសមាជិកនៃ «គណៈកម្មាធិការមរណៈ» ដែលមានតួនាទី ត្រួតពិនិត្យការប្រហារជីវិតអ្នកទោសនយោបាយរាប់រយនាក់ នៅក្នុងទីក្រុងតេហេរ៉ង់ (Tehran)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

លោក រ៉ៃស៉ី ដែលត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាអនាគតមេដឹកនាំកំពូលអ៉ីរ៉ង់ កំពុងព្យាយាមដោះស្រាយបញ្ហាចម្រូងចម្រាស់ជាច្រើនក្នុងស្រុក និងអន្តរជាតិ ដោយប្រើ អំណាចតុលាការដើម្បីការកាត់ទោសប្រហារជីវិតមនុស្ស។ ថ្មីៗនេះ មនុស្សចំនួន៤នាក់ ត្រូវព្យួរកបន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងភាពចលាចល ដែល បានផ្ទុះឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ ជុំវិញការស្លាប់របស់ស្រ្តីជនជាតិឃឺដ នាង ម៉ាសា អាមីនី (Mahsa Amini) ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។

នាយកគម្រោងស្ដីពីអ៉ីរ៉ង់មកពីអង្គការ Crisis Group លោក អាលី វ៉ាអ៉ីស (Ali Vaez) បានគូសបញ្ជាក់ថា «ការប្រហារជីវិតនេះគឺមានគោលបំណង បង្កើតឲ្យមានការភ័យខ្លាចនៅ ក្នុងរដ្ឋមួយ ដែលប្រជាជនមិនហ៊ានក្រោកឡើងតវ៉ាហើយមន្ត្រីមិនហ៊ានបដិសេធ»។ ចំណែកឯ អង្គការលើកលែងទោសអន្តរជាតិ ក៏បានឲ្យដឹងផងដែរថា «ក្រុមស៊ើបអង្កេតមួយដែល គេស្គាល់ថាជាគណៈកម្មាធិការមរណ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមមានចៅក្រមសាសនា ព្រះរាជអាជ្ញា និងមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់ ដើម្បីសម្រេច ណជោគវាសនាអ្នកជាប់ឃុំរាប់ពាន់នាក់ក្នុងការកាត់ក្តីតាមអំពើចិត្ត ដែលមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ការិយាល័យប្រធានាធិបតីអ៉ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើអត្ថបទនេះទេ។ ចំណាត់ការប្រហារជីវិតរបស់រដ្ឋាភិបាលអ៉ីរ៉ង់ បានបង្កឲ្យ មានការថ្កោលទោសពីសំណាក់ប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែមេដឹកនាំអ៉ីរ៉ង់នៅតែទទូចថា ការកំណត់អត្តសញ្ញាណ ការកាត់ទោស និងការដាក់ទណ្ឌកម្ម លើជនទាំងឡាយណាដែលអាជ្ញាធរជឿថាមានជាប់ពាក់ព័ន្ធក្នុងអំពើហិង្សា នឹងនៅតែបន្ត៕