(វ៉ាស៊ីនតោន)៖ អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃសេតវិមានអាមេរិ​ក លោក Kurt Campbell បាននិយាយថា ជប៉ុនបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងបញ្ហាស្ដីពី អ៊ុយក្រែន ហើយអាចនឹងដាក់ចេញផែនការថ្មី នៅពេលវេលាស័ក្តិសមណាមួយ ដើម្បីគាំទ្រដល់ទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

លោក Kurt Campbell ធ្វើការកត់សម្គាល់បែបនេះ នៅឯព្រឹត្តិការណ៍មួយរៀបចំឡើងដោយវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីជំនួបរវាងលោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅសេតវិមានកាលពីសប្ដាហ៍មុន។ លោក Campbell បានគូសបញ្ជាក់ដូច្នេះថា «លោកនាយករដ្ឋមន្ត្រី គីស៊ីដា មានផែនការរួចជាស្រេចនៅក្នុងដៃ ហើយក៏បានចូលរួមយ៉ាងស៊ីជម្រៅហើយដែរនៅក្នុងបញ្ហាស្ដីពីអ៊ុយក្រែន។ ខ្ញុំរំពឹងយ៉ាងពេញទំហឹងថាជប៉ុននឹង បញ្ចេញផែនការជាក់លាក់ ដើម្បីគាំទ្រអ៊ុយក្រែន តាមមធ្យោបាយជាច្រើន នៅពេលវេលាស័ក្តិសមណាមួយ»

គួរបញ្ជាក់ថា​ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីដើមខែមករាកន្លងទៅនេះ លោក គីស៉ីដា បានបង្ហើបថាលោកនឹង ពិចារណាលើការអញ្ជើញឱ្យបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ អាស្រ័យទៅលើកាលៈទេសៈជាក់ស្ដែង។ ប៉ុន្តែ មិនទាន់មានការសម្រេចចិត្តជាផ្លូវការនៅឡើយទេ មកទល់នឹងពេលនេះ៕