(បែលហ្រ្កាដ)៖ ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដា វូស៉ីគ (Aleksandar Vucic) បាននិយាយថារុស្ស៉ីគួរតែបញ្ឈប់ការឃោសនាជ្រើសរើសពលរដ្ឋស៊ែរប៊ី ឱ្យចូលរួមប្រយុទ្ធ ជាមួយទាហានស៊ីឈ្នួល Wagner របស់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ប្រតិកម្មរិះគន់ខាងលើរបស់លោក វូស៉ីគ កើតមានឡើងបន្ទាប់ពីគេហទំព័រ និងក្រុមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនរបស់រុស្ស៉ី បានផ្សព្វផ្សាយពាណិជ្ជកម្មឃោសនា ជាភាសាស៊ែរប៊ី ដោយអំពាវនាវរកអ្នកស័្មគ្រ ចូលរួមជាមួយទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ទូរទស្សន៍ស៊ែរប៊ី Happy TV បានស្រង់សម្ដី របស់លោក វូស៉ីគ ដែលបានគូសបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដូច្នេះថា «ហេតុអ្វីបានជាអ្នកអំពាវនាវឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសស៊ែរប៊ី (ចូលរួមជាមួយទាហានស៊ីឈ្នួល Wagner) ទាំងដឹងថានេះជាទង្វើផ្ទុយនឹងច្បាប់របស់យើង»

តែទោះជាយ៉ាងណាក៏ដោយ លោក អាឡិចសាន់ដា វូស៉ីគ បានច្រានចោលការចោទប្រកាន់ដែលថាក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner មានវត្តមាននៅក្នុងប្រទេសស៊ែរប៊ី ជាទីដែលក្រុមអ្នកគាំទ្រវិមានក្រឹមឡាំង និងអ្នកជាតិនិយមជ្រុល គាំទ្រការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្តស៊ែរប៊ី ក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថាបានចូលរួមប្រយុទ្ធជាមួយកងកម្លាំងផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី នៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។ ប៉ុន្តែ មិនមានតួលេខជាក់លាក់នោះទេ៕