(បែរឡាំង)៖ សកម្មជនការពារបរិស្ថានដ៏លេចធ្លោរម្នាក់ គឺកញ្ញា ហ្គ្រេតតា ធុនបឺគ (Greta Thunberg) ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួន ក្នុងពេលដឹកនាំការធ្វើបាតុកម្មតវ៉ាមួយ ប្រឆាំងនឹងការពង្រីកអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ លូតហ្សេរ៉ាត់ ( Lützerath) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។​

នេះគឺជាលើកទី២ហើយ ដែលកញ្ញា Greta Thunberg ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន ដោយកាលពីថ្ងៃអាទិត្យកន្លងទៅសកម្មជនរូបនេះក៏ត្រូវបានប៉ូលិស ចាប់ខ្លួនផងដែរ និងលើកទី២ គឺនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមប៉ូលិសអាល្លឺម៉ង់ ក្រុមបាតុករដឹកនាំដោយកញ្ញា Greta Thunberg បានសម្រុកចូលទៅក្នុងតំបន់អណ្ដូងរ៉ែ ដោយ ទម្លុះរនាំងការពារ ហើយប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករចាកចេញផងដែរ តែក្រុមបាតុករបានបដិសេធ ជាហេតុបង្ខំឱ្យប៉ូលិសប្រើកម្លាំងបាយនាំខ្លួនបាតុករចេញពី កន្លែងគ្រោះថ្នាក់ និងឃុំខ្លួនពួកគេជាបណ្ដោះអាសន្ន។

អ្នកនាំពាក្យប៉ូលិសអាល្លឺម៉ង់ លោក គ្រីស្ដូហ្វ ហ៊ូល (Christof Hüls) បានទទួលស្គាល់ថានៅក្នុងចំណោមបាតុករដែលត្រូវបានឃាត់ខ្លួន ក៏មានកញ្ញា Greta Thunberg ផងដែរ។ លោក ហ៊ូល បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាគាត់ជានរណា ប៉ុន្តែគាត់មិនអាចទទួលបានការមើលថែ VIP នោះទេ»។ លោកបន្ថែមថាសកម្មជន Greta Thunberg មិនបាន ប្រើកម្លាំងបាយប្រឆាំងនឹងប៉ូលិសឡើយ។

គួរបញ្ជាក់ថា កញ្ញា Greta Thunberg និងបាតុករដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែលនោះតែម្ដង៕