(កៀវ)៖ ឧត្ដមសេនីយ៍កំពូលរបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់បានលើកឡើងពី «តម្រូវការបន្ទាន់» នៃកងកម្លាំងប្រដាប់អាវុធរបស់លោក នៅក្នុងជំនួបទល់មុខលើកដំបូង នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley នៅក្នុងប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន កំពុងបន្តជំរុញ និងទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនអាវុធមកបន្ថែម ក្នុងនោះជាពិសេសគឺរថក្រោះប្រយុទ្ធធុនធ្ងន់ផលិតដោយលោកខាងលិចដែលទីក្រុងកៀវ រំពឹងថាអាចនឹងប្រើប្រាស់ក្នុងការប្រយុទ្ធនៅលើសមរភូមិបណ្ដេញកងទ័ពរុស្ស៉ី ដែលនៅតែបន្តកាន់កាប់ទឹកដីមួយផ្នែកធំនៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាន លើកឡើងពីតម្រូវការចាំបាច់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយការបំពេញតម្រូវការទាំងនោះអាចនឹងពន្លឿនជ័យជម្នះរបស់ពួកយើង»។ ជំនួបរវាងឧត្ដមសេនីយ៍កំពូល អាមេរិក និងអ៊ុយក្រែន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសលោកខាងលិចគ្រោងនឹងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា និងបង្ហាញពីការផ្ដល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ដោយផ្ដោតជាសំខាន់លើរថក្រោះប្រយុទ្ធធុនធ្ងន់ តួយ៉ាងដូចជារថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Economist កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សាលូស្នី បាននិយាយថាលោកត្រូវការរថក្រោះប្រយុទ្ធ ៣០០គ្រឿង រថពាសដែកប្រយុទ្ធពី៦០០ ទៅ៧០០គ្រឿង និងកាំភ្លើងធំ howitzers ៥០០គ្រឿង ដើម្បីអាចជួយដល់កងកម្លាំងរបស់លោកវាយបណ្ដេញទាហានរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ «ខ្ញុំជឿថាខ្ញុំអាចបំបាក់សត្រូវ មួយនេះ (រុស្ស៉ី) ប៉ុន្តែខ្ញុំត្រូវការធនធាន»។ នេះជាការបញ្ជាក់របស់លោក ហ្សាលូស្នី៕