(ប៊ែកឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអង្គារ ទី១៧ ខែមករានេះបាននិយាយថា លោកនឹងតែងតាំងមន្ត្រីថ្នាក់តំបន់ម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោកស្រី Christine Lambrecht ដែលត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រីអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ បាននិយាយថា បន្ទាប់ពីការលាលែងរបស់លោកស្រី Lambrecht អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz​ បានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាជិក និងមេដឹកនាំរបស់គណបក្ស ហើយបានធ្វើការសម្រេចចិត្តតែងតាំង លោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់។

លោក Boris Pistorius ដែលជាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យ និងបានបម្រើជារដ្ឋមន្ត្រីកិច្ចផ្ទៃក្នុង និងកីឡានៃរដ្ឋ Lower Saxony ចាប់តាំងពីឆ្នាំ២០១៣ មក។

លោក Scholz បាននិយាយថា «ខ្ញុំរីករាយដែលបានលោក Boris Pistorius ដែលជាអ្នកនយោបាយដ៏លេចធ្លោម្នាក់របស់ប្រទេសរបស់យើង បានទទួលតំណែងជារដ្ឋមន្ត្រីការពារជាតិ»។

អធិការបតីអាល្លឺម៉ង់រូបនេះបានបន្ថែមថា «លោក Pistorius គឺជារដ្ឋបុរសដែលមានបទពិសោធន៍ដ៏អស្ចារ្យ គាត់មានបទពិសោធន៍ផ្នែករដ្ឋបាល គាត់បានចូលរួមក្នុងគោលនយោបាយសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ ហើយជាមួយនឹងសមត្ថភាព ភាពរឹងមាំ និងគំនិតទូលំទូលាយរបស់គាត់ គាត់ពិតជាមនុស្សត្រឹមត្រូវក្នុងការដឹកនាំកងទ័ពអាល្លឺម៉ង់...»។

គួរបញ្ជាក់ថា លោក Pistorius ដែលមានអាយុ ៦២ឆ្នាំត្រូវបានគេរំពឹងថា នឹងទទួលលិខិតបញ្ជាក់ការតែងតាំងពីប្រធានាធិបតីអាល្លឺម៉ង់ ហើយធ្វើសច្ចាប្រណិធានចូលកាន់តំណែងក្នុងសភានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕