(បាងកក)៖ នាយកដ្ឋានដែនសមុទ្រ នៃក្រសួងដឹកជញ្ជូនថៃបាននិយាយថា ករណីផ្ទះកប៉ាល់ដឹកប្រេងមួយនៅខេត្តសាមុតសុងខាំ ស្ថិតភាគកណ្តាលប្រទេសថៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ០៣នាក់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ហេតុការណ៍​ផ្ទុះ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក (ម៉ោង​ក្នុងស្រុក) នៅពេល​ដែលកប៉ាល់​ដឹក​ប្រេងនោះ​ចូល​ទៅជួសជុលនៅកន្លែងផលិត​ និងជួសជុលកប៉ាល់មួយកន្លែងនៅទន្លេ Mae Klong ស្ថិតក្នុងស្រុក Muang ដែលបណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

អាជ្ញាធរបានគូសបញ្ជាក់ថា កប៉ាល់ដែលបានផ្ទុះនេះផ្ទុកប្រេងប្រមាណ ៣០,០០០លីត្រនៅពេលវាជួបហេតុការណ៍នេះ។

ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានផ្តាច់ជីវិតមនុស្សចំនួន ០៣នាក់ និងរងរបួសយ៉ាងហោចណាស់ ១០នាក់។ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងបង្កើនការស្វែងរកអ្នករបួស និងបាត់ខ្លួន។

មូលហេតុនៃឧប្បត្តិហេតុនេះ អាជ្ញាធរបានដាក់ការសង្ស័យថា ដោយសារតែកប៉ាល់នេះនៅពេលដែលជួសជុលមិនត្រូវបានសម្អាតឲ្យស្អាតល្អ និងមិនបានចាក់ប្រេងចេញក្រៅអស់។ ទោះជាយ៉ាងការស៊ើបអង្កេតលើរឿងនេះកំពុងដំណើរការនៅឡើយ ហើយលទ្ធផលបឋមនឹងត្រូវប្រកាសក្នុងរយៈពេល ១០ថ្ងៃ៕