(តៃប៉ិ)៖ យោធារបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី១៧ ខែមករានេះបានប្រកាសពីផែនការដាក់បញ្ចូលស្ត្រីក្នុងវគ្គបណ្តុះបណ្តាលយោធាបម្រុង ជាលើកដំបូងក្នុងឆ្នាំនេះ ខណៈដែលកោះមួយនេះព្យាយាមពង្រឹងកងកម្លាំងរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការពារជាតិរបស់តៃប៉ិបាននិយាយថា ចាប់ពីត្រីមាសទី២ នៃឆ្នាំនេះ ទាហានស្ត្រីប្រហែល ២០០នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលយោធាស្ម័គ្រចិត្តជាលើកដំបូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្លាំងបម្រុងទាំងមូល។

ឧត្តមសេនីយ Yu Wencheng នៃទីភ្នាក់ងារចល័តការពាររួមរបស់ក្រសួងបាននិយាយថា «នេះគឺជាឆ្នាំដំបូងដែលស្ត្រីត្រូវបានបញ្ចូលក្នុងកម្មវិធីសមយុទ្ធបម្រុង ដូច្នេះនៅឆ្នាំនេះនឹងក្លាយជាគម្រោងសាកល្បង»។ លោកបានសង្កត់ធ្ងន់ថា «យើងនឹងរៀបចំផែនការសមត្ថភាពបណ្តុះបណ្តាល ដោយផ្អែកលើចំនួនបេក្ខជនជាក់ស្តែង»។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ រស់នៅក្នុងភាពភ័យខ្លាចឥតឈប់ឈរចំពោះការប្រើកម្លាំងបាយរបស់ចិន ខណៈដែលទីក្រុងប៉េកាំងបានអះអាងថាកោះមួយនេះជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថា ទីក្រុងប៉េកាំងអាចចាត់វិធានការស្រដៀងគ្នានេះ៕