(ប៊ូឆារ៉េស)៖ ហោះហើរឈ្លបយកការណ៍របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថាណាតូ ចំនួន ១៤គ្រឿងដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរូម៉ានីនៅថ្ងៃអង្គារនេះ ដើម្បីជួយពង្រឹងសម្ព័ន្ធយោធារបស់ខ្លួននៅភាគខាងកើត និងជាពិសេសដើម្បីតាមដានសកម្មភាពយោធារបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

អង្គការណាតូបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់ពង្រាយយន្តហោះស៊ើបការណ៍ និងប្រព័ន្ធព្រមានលើអាកាស (AWACS) នៅទីក្រុងប៊ូឆារ៉េស នៃប្រទេសរ៉ូម៉ានីជាទីដែលពួកគេនឹងចាប់ផ្តើមធ្វើការហោះហើរឈ្លបយកការណ៍ លើដែនអាកាសរបស់ប្រទេសសមាជិករបស់ខ្លួន។

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១២ ខែមករានេះយ៉ាងដូច្នេះថា «នៅពេលដែលសង្រ្គាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន បន្តគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប ការប្តេជ្ញាចិត្តរបស់អង្គការណាតូដើម្បីការពារទឹកដីគ្រប់អ៊ីញរបស់សម្ព័ន្ធមិត្ត គឺជារឿងដែលមិនអាចប្រកែកបានទេ»។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុនមក អង្គការណាតូបានពង្រឹងកម្លាំងយោធាផ្លូវអាកាសរបស់ខ្លួនកាន់តែខ្លាំងឡើងនៅអឺរ៉ុបខាងកើត និងជាពិសេសនៅតំបន់បាល់ទិក។ សកម្មភាពទាំងនោះរួមទាំងការបញ្ជូនទៅទីនោះនូវយន្តហោះចម្បាំង យន្តហោះឈ្លបយកការណ៍ និងនាវាដឹកប្រេងជាដើម៕