(ដាវ៉ូស)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បានអះអាងនៅថ្ងៃអង្គារនេះថា ជនស៉ីវិលសរុបជាង៩,០០០នាក់ ក្នុងនោះរួមមានកុមារ៤៥៣នាក់ ត្រូវបានសម្លាប់នៅប្រទេសអ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ថ្លែងកំលុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស លោក អាន់ឌ្រេ យើម៉ាក (Andriy Yermak) ដែលជាប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «ពួកយើងបានកត់ត្រាបទឧក្រិដ្ឋសរុប ៨០,០០០ករណី ដែលប្រព្រឹត្តដោយពួកឈ្លានពានរុស្ស៉ី ហើយជនស៉ីវិលជាង៩,០០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានកុមារចំនួន ៤៥៣នាក់»

លោក យើម៉ាក បានបន្តថា អ៊ុយក្រែននឹងមិនអត់ទោសចំពោះការធ្វើទារុណកម្ម ឬក៏ការផ្តាច់យកអាយុជីវិតណាមួយឡើយ ហើយ​ពួកឧក្រិដ្ឋជននីមួយៗ នឹងត្រូវតែទទួលទោសសម្រាប់ទង្វើរបស់ពួកគេ ខណៈលោកនៅតែសង្កត់ធ្ងន់ពីគោលជំហរថា អ៊ុយក្រែនចង់ឱ្យមានតុលាការអន្តរជាតិពិសេសមួយ ដើម្បីបើកដំណើរការកាត់ទោសក្រុមមេដឹកនាំនយោបាយរុស្ស៉ី និងការផ្តល់សំណងសម្រាប់ការបំផ្លិចបំផ្លាញហិនហោច ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីការិយាល័យឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺជនស៉ីវិលជាង៧,០០០នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានដោយរុស្ស៉ី៕