(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បាននិយាយថា ចិនស្វាគមន៍ចំពោះផែនការធ្វើទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) មកកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។
«ចិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន មកកាន់ប្រទេសចិន។ ចិននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការទាក់ទងគ្នានាពេលនេះ ជុំវិញដំណើរការរៀបចំជាក់លាក់ផ្សេងៗ ស្តីអំពីគម្រោងទស្សនកិច្ចនេះ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយយ៉ាងដូច្នេះ ជាការឆ្លើយតបចំពោះសំណួរមួយស្តីអំពី សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថាលោក ប្លីនខិន គ្រោងបំពេញទស្សនកិច្ចមកកាន់ចិន នៅថ្ងៃទី៥ ខែកុម្ភៈ។
លោក វ៉ាង បានបន្ថែមថា «ចិនក៏សង្ឃឹមផងដែរថាសហរដ្ឋអាមេរិក នឹងប្រកាន់យកនូវទស្សនៈត្រឹមត្រូវមួយចំពោះចិន ហើយប្រកាន់ខ្ជាប់គោលការណ៍សន្ទនា ជាជាងប្រឈមមុខដាក់គ្នា ក៏ដូចជាគំនិតឈ្នះ-ឈ្នះ ជាជាងគំនិតយកឈ្នះចាញ់នឹងគ្នា»។
គួរបញ្ជាក់ថា យោងតាមសារព័ត៌មានអាមេរិក Politico លោក ប្លីនខិន នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនថ្មីគឺ លោក ឈិន ហ្កាង (Qin Gang) នៅថ្ងៃទី៥-៦ ខែកុម្ភៈ ក្នុងទីក្រុងប៉េកាំង។ វានឹងជាទស្សនកិច្ចដំបូងបំផុតរបស់ រដ្ឋមន្រ្តីការបរទេសអាមេរិកនៅចិន គិតចាប់តាងពីខែតុលា ឆ្នាំ២០១៨ នៅពេលលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ដែលជារដ្ឋមន្រ្តីការបរទេសរបស់ អតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយអតីតរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង៕