(បែរឡាំង)៖ អគ្គនាយសេនាធិការយោធាចម្រុះរបស់សហរដ្ឋអាមេរិក លោក ម៉ាក មីលលី (Mark Milley) ដែលជាមន្ត្រីជាន់ខ្ពស់បំផុតជួរក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក បានជួបជាមួយទាហានអ៊ុយក្រែនដែលកំពុងទទួលការហ្វឹកហ្វឺន នៅឯទីបញ្ជាការហ្រ្កាហ្វិនវៀ (Grafenwoehr) របស់សហរដ្ឋអាមេរិក ស្ថិតក្នុងរដ្ឋបាវ៉ារៀ (Bavaria) របស់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍រូបនេះ បានទៅទស្សនកិច្ចទីបញ្ជាការហ្រ្កាហ្វិនវៀ រយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យប្រតិបត្តិការហ្វឹកហ្វឺនទាហានអ៊ុយក្រែន និងគ្រូជនជាតិអាមេរិករបស់ពួកគេ។ ក្នុងពេលជួបជាមួយ មេបញ្ជាការនៅទីនោះ លោក មីលលី បានគូសបញ្ជាក់ថា «នេះមិនមែនគ្រាន់តែជាការសាកកម្លាំងអាវុធនោះទេ។ តែវាជាពេលវេលាមួយ ដែលយើងចង់ធ្វើឲ្យមានការផ្លាស់ប្តូរ នោះគឺការហ្វឹកហ្វឺនដោយផ្ទាល់»

ការធ្វើដំណើរនេះក៏ស្របគ្នានឹងការពង្រីកកម្មវិធីហ្វឹកហ្វឺន របស់សហរដ្ឋអាមេរិកសម្រាប់កងទ័ពអ៊ុយក្រែន ខណៈមួយថ្ងៃមុននេះ លោក មីលលី បាននិយាយថា មន្ទីរបញ្ចកោណរំពឹងថានឹងបញ្ចេញទាហានដែលត្រៀមប្រយុទ្ធចំនួន ៥០០នាក់ ក្នុងរយៈពេល ៥ទៅ៨សប្តាហ៍ខាងមុខ។ កម្មវិធីនេះនឹងផ្តោតលើការហ្វឹកហ្វឺនអាវុធរួមបញ្ចូលគ្នា ដែលសំដៅលើកិច្ចសហប្រតិបត្តិការលើសមរភូមិ រវាងកងទ័ពថ្មើរជើង រថពាសដែក កាំភ្លើងធំ និងអង្គភាពអាកាស។

គួរបញ្ជាក់ថា ទាហានអ៊ុយក្រែននឹងទទួលបានការបង្រៀនឲ្យចេះប្រើប្រាស់អាវុធ និងឧបករណ៍ជាច្រើនប្រភេទ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ រួមទាំងរថពាសដែកប្រយុទ្ធ Bradley ដែលមាននៅក្នុងកញ្ចប់ជំនួយយោធាថ្មី ចុងក្រោយបំផុតទំហំ ៣ពាន់លានដុល្លារអាមេរិក សម្រាប់ទីក្រុងកៀវ៕