(ហាណូយ)៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង ខណៈរដ្ឋមន្រ្តី២រូប និងមន្រ្តីមួយចំនួនផ្សេងទៀត កំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ។ ដូច្នេះហើយដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន លោក ហ៊្វុក បានសម្រេចចិត្តដាក់ពាក្យលាលែងពីតួនាទីទាំងអស់ ហើយចូលនិវត្តន៍ពីនយោបាយតែម្តង។

គួរបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ដែលមានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ ក្រោយមក លោក ហ៊្វុក ត្រូវបានតែងតាំងជា ប្រធាន​ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦។ ជាចុងក្រោយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕