(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវដល់ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ឲ្យធ្វើការដោះស្រាយថែមទៀត ជុំវិញបញ្ហាជនជាតិអ៊ុយក្រែនដែលទីក្រុងកៀវអះអាងថា ត្រូវបាននិរទេសដោយបង្ខំទៅរុស្ស៊ី និងជោគវាសនារបស់ពួកគេនៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថាពលរដ្ឋអ៊ុយក្រែនចន្លោះពី ៩០០,០០០នាក់ ទៅ១.៦លាននាក់ ដែលក្នុងនោះរួមទាំងកុមារ ២៦០,០០០នាក់ ត្រូវបាននិរទេសដោយបង្ខំចូលទៅក្នុងទឹកដីរុស្ស៊ី ខណៈរុស្ស៊ី​បានបដិសេធការអះអាងនេះ ប៉ុន្តែនិយាយ​ថា​អ្នក​ដែល​មក​ដល់​គឺ​ជា ​ជនភៀសខ្លួនចេញពី​សង្គ្រាម ហើយនៅក្នុងចំនួនផ្ទុយពីការប៉ាន់ប្រមាណនេះ។

កំលុងពេលដែល លោក ប៊ូចា អូស្មានី (Bujar Osmani) រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាសេដូនខាងជើង និងជាប្រធានការិយាល័យ OSCE ឆ្នាំ២០២៣ ធ្វើទស្សនកិច្ចនៅទីក្រុងកៀវ លោក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «OSCE អាចបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពជុំវិញការនិរទេសប្រជាជនរបស់យើង ចេញពីទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ចូលទៅក្នុងប្រទេសរបស់ខ្លួន»។ លោក ហ្សេលេនស្គី បានបន្ថែមថា «រហូតមកដល់ពេលនេះ នៅមិនទាន់មានអង្គការអន្តរជាតិណាមួយរិះរកវិធី ដើម្បីចូលទៅកាន់កន្លែងឃុំឃាំងអ្នកទោសអ៊ុយក្រែន ក្នុងប្រទេសរុស្ស៊ីនៅឡើយទេ។ បញ្ហានេះត្រូវតែកែតម្រូវ»

គួរបញ្ជាក់ថា OSCE ដែលជាអង្គការសន្តិសុខក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក មានប្រទេសជាសមាជិកចំនួន៥៧ រួមទាំងសហរដ្ឋអាមេរិក ប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងអស់ និងរុស្ស៊ី ក៏ដូចជារដ្ឋទាំងអស់នៃអតីតសហភាពសូវៀតដទៃទៀត។ កាលពីខែធ្នូ ឆ្នាំ២០២២ រុស្ស៊ីបាន​រារាំងការអនុម័តថវិកាសម្រាប់ស្ថាប័ន​មួយនេះ​។ ក្រោយមក OSCE ក៏បង្ខំចិត្តបិទបេសកកម្មត្រួតពិនិត្យរបស់ខ្លួននៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានបដិសេធមិនបន្តអាណត្តិ នៃប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន៕