(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) នៅថ្ងៃអង្គារនេះ បានស្នើឱ្យសមភាគីឥណ្ឌា យល់ព្រមឱ្យមានកិច្ចពិភាក្សាទល់មុខគ្នា ដើម្បីជជែកអំពីបញ្ហាក្តៅៗទាំងអស់តែម្តង រួមមានទាំងតំបន់ជម្លោះកាស្មៀរជាដើម ហើយ​លោកមើលឃើញថា កិច្ចពិភាក្សាបែបនេះអាចនឹងកើតឡើងទៅបាន ក្រោមការសម្របសម្រួលរបស់ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បាននិយាយយ៉ាងដូច្នេះថា «សាររបស់ខ្ញុំផ្ញើទៅកាន់ថ្នាក់ដឹកនាំឥណ្ឌា និងនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី គឺចូរយើងមកអង្គុយចុះនៅតុមួយ ហើយនិយាយគ្នាដោយស្មោះត្រង់និងប្រាកដប្រជា ដើម្បីឆ្ពោះទៅដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការស្មៀរជាដើម»។

លោក សារីហ្វ បានឱ្យដឹងថា រូបលោកក៏បានលើកឡើងអំពីបញ្ហានេះ ជាមួយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម គឺព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន ហ្សាយីដ (Sheikh Mohammed bin Zayed) កំលុងទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោក នៅទីនោះផងដែរ។ លោក សារីហ្វ បានប្រាប់ឱ្យដឹងដូច្នេះថា «ព្រះអង្គម្ចាស់ គឺជាបងប្អូនរបស់ប៉ាគីស្ថាន ហើយក៏មានទំនាក់ទំនងល្អជាមួយឥណ្ឌា ដូច្នេះទ្រង់អាចដើរតួនាទីយ៉ាងសំខាន់ ដើម្បីនាំប្រទេសទាំងពីរ មកចូលតុពិភាក្សា»។

គួរបញ្ជាក់ថា ប៉ាគីស្ថាននិងឥណ្ឌាធ្លាប់ធ្វើសង្រ្គាមទ្រង់ទ្រាយធំនឹងគ្នាចំនួន៣លើក គិតចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេស កាលពីឆ្នាំ១៩៤៧មក។ សង្រ្គាមពីរលើកក្នុងចំណោមនោះ គឺពាក់ព័ន្ធតំបន់ការស្មៀរ ជាតំបន់ជម្លោះមួយនៅជួរភ្នំហិម៉ាល័យ ដែលបច្ចុប្បន្នភាគីម្ខាងៗ គ្រប់គ្រងកាន់កាប់ម្នាក់ពាក់កណ្តាល។ កាលពីឆ្នាំ២០១៩ ប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា ក៏សឹងតែផ្ទុះសង្រ្គាមទ្រង់ទ្រាយធំម្តងទៀតផងដែរ នៅពេលឥណ្ឌាបានបើកការវាយប្រហារតាមផ្លូវអាកាស នៅក្នុងទឹកដីប៉ាគីស្ថាន ដែលបើតាមទីក្រុងញូដេលី គឺមានគោលដៅចំពោះ​មូលដ្ឋានហ្វឹកហ្វឺនរបស់ក្រុមសកម្មប្រយុទ្ធ៕