(បាងកក)៖ ប៉ូលិសថៃបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មន្រ្តីប៉ូលិសនិងយោធាសរុបចំនួន១៥នាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពីជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានបណ្តោយឱ្យរួចខ្លួន កំលុងប្រតិបត្តិការឆ្មក់បង្រ្កាប ដែលធ្វើឡើងនៅ ទីតាំងផលិតលិខិតឆ្លងដែនក្លែងក្លាយមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

កាលពីចុងខែធ្នូ ឆ្នាំ២០២២ កងកម្លាំងប៉ូលិសថៃបានធ្វើសកម្មភាពឆ្មក់បង្រ្កាប នៅអតីតអគារស្ថានកុលស៊ុលនៃប្រទេសដែនកោះណូរូ (Nuru) ស្ថិតក្នុងឯទីក្រុងបាងកក ក្រោយមានការអះអាងថា មានក្រុមជនជាតិចិននាំគ្នាទៅជ្រកកោននៅទីនោះ។ កំលុងប្រតិបត្តិការ កងកម្លាំងថៃបានរកឃើញ បុរសជនជាតិចិន២នាក់ ដែលសុទ្ធតែជាមុខសញ្ញាតាមចាប់ខ្លួនរបស់ទីក្រុងប៉េកាំង កំពុងតែផលិតលិខិតឆ្លងដែនក្លែងក្លាយ ឱ្យជនជាតិចិនដទៃទៀត។

យ៉ាងណាក្តី ជនសង្ស័យទាំង២នាក់ ត្រូវបានបណ្តោយឱ្យរត់គេចខ្លួន ក្រោមការសមគំនិតរវាងមន្រ្តី៥នាក់ មកពីនាយករដ្ឋានស៉ើបអង្កេតពិសេស រួមជាមួយមន្រ្តីប៉ូលិស៩នាក់ និងមន្រ្តីយោធាម្នាក់។ ក្រុមមន្រ្តីថៃទាំង១៥នាក់ ហើយនិងអ្នកបកប្រែម្នាក់ ទាមទារសំណូកបានចំនួន១០លានបាត ឬស្មើនឹង២៤៥,០០០ដុល្លារពីជនសង្ស័យ ជាថ្នូរនឹងការជួយរបស់ពួកគេ។

ផែនការស៉ីសំណូកខាងលើត្រូវបានបែកធ្លាយ នៅពេលអ្នកបកប្រែបានផ្តល់ចម្លើយសារភាព ក្រោយរូបគេត្រូវឃាត់ខ្លួនបាន ពេលព្យាយាមរត់ទៅប្រទេសម៉ាឡេស៉ី ហើយឌីសផ្ទុកទិន្នន័យនៃភស្តុតាងដើម ក៏ត្រូវបានរកឃើញផងដែរ។ ខណៈរបាយការណ៍ផ្លូវការសរសេរថា ថវិកាខ្ទង់២.៥លានបាត ត្រូវបានរឹបអូសកំលុងប្រតិបត្តិការបង្រ្កាប វីដេអូភស្តុតាងដើម រួមជាមួយការះអះអាងរបស់អ្នកបកប្រែ បានបង្ហាញថាតាមពិត​ថវិកាដល់ទៅខ្ទង់៨លានបាត ត្រូវបានរកឃើញនាពេលនោះ។ មិនតែប៉ុណ្ណោះ ក្រុមមន្រ្តីថៃទាំងនោះ បានប្រាប់ជនសង្ស័យថា វាមិនទាន់គ្រប់គ្រាន់ទេ ហើយទាមទារ៤លានបាតបន្ថែម។

គួរបញ្ជាក់ថា បុគ្គលទាំង១៦នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទពុករលួយ ឬពីបទទាមទារការសូកប៉ាន់ ហើយមន្រ្តីប៉ូលិសនិងទាហានថៃទាំង ១៥នាក់ លើកលែងតែអ្នកបកប្រែ ត្រូវបានចោទពីបទរំលោភអំណាចថែមទៀត៕