(កៀវ)៖ ប្រតិបត្តិការរកសន្តិភាពរបស់រុស្ស៊ី ដើម្បីវាយយកទឹកដីអ៊ុយក្រែនភាគខាងកើតប្រគល់ឲ្យក្រុមផ្តាច់ខ្លួន បានឈានចូលដល់ថ្ងៃទី៣២៧ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ ប្រតិបត្តិការរបស់រុស្ស៊ីដែលក្រុមប្រទេសលោកខាងលិច និងក្រុមសម្ព័ន្ធមិត្តបានចាត់ទុកថាជាអំពើឈ្លានពានលុកលុយលើទឹកដីអ៊ុយក្រែននេះ កំពុងស្ថិតក្នុងឆ្នាំដែលមានការប្តេជ្ញាដណ្តើមយកជ័យជំនះរៀងៗខ្លួន។ រុស្ស៊ីបានកែសម្រួលនូវការៀបចំយុទ្ធសាស្ត្ររបស់ខ្លួន ខណៈក្រុមប្រទេសលោកខាងលិចបានបន្តរៀបចំជំនួយយោធា និងការជួយដុសខាត់ទាហានអ៊ុយក្រែនលើការប្រើប្រាស់អាវុធទំនើបៗ ដើម្បីការវាយដណ្តើមយកទឹកដីនានាដែលរុស្ស៊ីបានកាន់កាប់។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមក្នុងអ៊ុយក្រែននឹងឈានហួសពី១១ខែ ចូលក្នុងខែទី១២ហើយ។ រុស្ស៊ីត្រូវគេឃើញថាបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់ ដែលមុននេះបានប្រើប្រាស់យុទ្ធសាស្ត្រវាយកម្ទេចប្រព័ន្ធថាមពលភ្លើង និងទឹកក្នុងរដូវរងារដើម្បីបង្ខំឱ្យអ៊ុយក្រែនចុះញ៉ម។ បើទោះបីជាសង្គ្រាមក្នុងរដូវរងារមិនទាន់បានកន្លងផុតនោះមែន រុស្ស៊ីបានផ្លាស់ប្តូរមេបញ្ជាការសមរភូមិ លោកឧត្តមសេនីយ៍ សៀរហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលជាឧត្តមសេនីយ៍ប្រើប្រាស់យុទ្ធសាស្ត្រវាយកម្ទេចប្រព័ន្ធថាមពលភ្លើង និងទឹកក្នុងរដូវរងារដោយដាក់ជំនួសមកវិញនូវ លោកឧត្តមសេនីយ៍ វ៉ាឡឺរី ជេរ៉ាស៊ីម៉ូហ្វ (Valery Gerasimov) ដែលជាប្រធានសេនាធិការកងទ័ពរុស្ស៊ី។ ក្នុងការផ្លាស់ប្តូរនេះ គឺលោកឧត្តមសេនីយ៍ សៀរហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ត្រូវបានទម្លាក់មកជាអនុប្រធានរបស់ឧត្តមសេនីយ៍មេបញ្ជាការថ្មី។

តាមពិតក្នុងរយៈពេល៣ខែនៃយុទ្ធសាស្ត្រ ដែលចង់ឱ្យអ៊ុយក្រែនវេទនារងារក្នុងរដូវត្រជាក់នោះ យុទ្ធសាស្ត្រប្រយុទ្ធនោះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់រងទុក្ខវេទនា ដោយសារការខ្វះប្រព័ន្ធរក្សាកម្តៅ និងខ្វះទឹកពិតប្រាកដមែន ប៉ុន្តែដោយសារការជួយដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច ទាំងជំនួយយោធា អាវុធទំនើបនិងគ្រាប់រំសេវមិនចេះរីងស្ងួត និងការជួយផ្គត់ផ្គង់ផ្តល់នូវឧបករណ៍រក្សាកម្តៅទាំងម៉ាស៊ីនភ្លើង អាវរងារ ភួយ និងឧបករណ៍ជាច្រើន អ៊ុយក្រែនបានប្រឹងប្រែងទប់ទល់និងធ្វើការវាយលុករបស់ខ្លួនទៅវិញ ដើម្បីដណ្តើមយកទឹកដីភាគខាងកើត និងភាគខាងត្បូងប្រទេសពីរុស្ស៊ី។ ភាពតស៊ូស្វិតស្វាញមិនព្រមចុះចាញ់ និងបែរជាបង្កើនការប្រយុទ្ធកាន់តែខ្លាំងក្នុងរដូវរងារនេះហើយ បានជម្រុញឱ្យរុស្ស៊ីត្រូវរៀបចំយុទ្ធសាស្ត្រមួយជំហានទៅមុខថែមទៀត ក្រោយរដូវរងារនឹងបញ្ចប់។

ក្នុងយុទ្ធសាស្ត្ររៀបចំថ្មីនេះ មានក្តីបារម្ភថាប្រទេសបេឡារុសនឹងអាចក្លាយជាប្រទេស ដែលចូលរួមជាមួយនឹងរុស្ស៊ីដើម្បីការធ្វើសង្គ្រាម។ រុស្ស៊ី និងបេឡារុសបានធ្វើសមយុទ្ធយោធារួមគ្នា ចាប់តាំងពីថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ដែលសមយុទ្ធយោធានេះនឹងបញ្ចប់រហូតដល់ខែកុម្ភៈ។ សមយុទ្ធនេះ បានប្រើប្រាស់ព្រលានយន្តហោះយោធារបស់បេឡារុសទាំងអស់ នៅទូទាំងប្រទេសនិងមានការចូលរួមពីកម្លាំងទាហានជើងគោកផងទៀត។ ក្រសួងការពារជាតិបេឡារុស បានថ្លែងថាគោលបំណងការធ្វើសមយុទ្ធនេះគឺការធ្វើឱ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការក្នុងភាពរួមគ្នាអនុវត្តការហ្វឹកហ្វឺននិងកាតព្វកិច្ចវាយប្រហារ។ អនុរដ្ឋលេខាធិការទីមួយនៃក្រុមប្រឹក្សាសន្តិសុខបេឡារុស លោក ប៉ាវែល មូរ៉ាវ៉េកូ (Pavel Muraveyko) បានថ្លែងថាលំហាត់សមយុទ្ធនេះគឺដើម្បីការការពារខ្លួនតែប៉ុណ្ណោះ ប៉ុន្តែលោកបានព្រមានថា បេឡារុសក៏បានត្រៀមខ្លួនសម្រាប់ការទប់ទល់ណាមួយ ដែលបង្កហេតុពីអ៊ុយក្រែននោះផងដែរ។។

*តើបេឡារុស នឹងអាចលោតចូលក្នុងសង្គ្រាមជាមួយរុស្ស៊ីដែរឬទេ?

ការធ្វើសមយុទ្ធយោធាដែលក្រោយមកបានក្លាយជាកម្លាំងវាយឈ្លានពានដាក់លើអ៊ុយក្រែន គឺធ្លាប់មានប្រវត្តិថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រូចមកហើយ ដែលពេលនោះកម្លាំងរុស្ស៊ីដែលធ្វើសមយុទ្ធ ស្រាប់តែបានប្រកាសប្រតិបត្តិការសន្តិភាពចូលមករំដោះទឹកដីដុនបាស់ភាគខាងកើត។ ការធ្វើសមយុទ្ធរបស់រុស្ស៊ីជាមួយនិងបេឡារុស ដែលនឹងមានរយៈពេលប្រមាណកន្លះខែ ធ្វើឱ្យអ៊ុយក្រែននិងប្រទេសលោកខាងលិចយកចិត្តទុកដាក់ជាខ្លាំង ខ្លាចក្រែងរុស្ស៊ីអាចបើកច្រកថ្មីណាមួយធ្វើការវាយប្រហារអ៊ុយក្រែនថែមទៀត ចេញពីទឹកដីបេឡារុស។ មន្ត្រីយោធាចូលនិវត្តន៍ លោកវរសេនីយ៍ទោ Daniel Davis ដែលមានជំនាញផ្នែកយោធាលើវិស័យការពារជាតិ បានវិភាគថា ទឹកដីបេឡារុសអាចនឹងត្រូវបានគេប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមច្រកថ្មីមួយទៀតរបស់រុស្ស៊ីចូលក្នុងទឹកដីអ៊ុយក្រែន ប៉ុន្តែលោកមិនរំពឹងថាបេឡារុសនឹងលោតចូលក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះទេ។

នៅជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអង់គ្លេសលោក Ben Wallace បានថ្លែងបញ្ជាក់កាលពីម្សិលមិញជុំវិញការបញ្ជួនរថក្រោះ Challenger2 ចំនួនមួយកងផ្តល់ទៅឱ្យ អ៊ុយក្រែនដើម្បីបន្តការវាយប្រហារប្រឆាំងនឹងរុស្ស៊ី។ ការប្រកាសនេះបានធ្វើឱ្យអង់គ្លេសក្លាយ ជាប្រទេសមុនគេបំផុតដែលបានផ្តល់រថក្រោះប្រយុទ្ធនេះដល់អ៊ុយក្រែន
និងការប្រកាសនេះទៀតត្រូវគេចាត់ទុកអាចជាសម្ពាធមួយដាក់លើរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីការផ្តល់រថក្រោះរបស់ខ្លួនទៅឱ្យអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអង់គ្លេស បានជំរុញអាល្លឺម៉ង់អនុញ្ញាតផ្តល់រថក្រោះ Leopard Tanks ទៅអ៊ុយក្រែន ដោយបញ្ជាក់ថា ការផ្តល់រថក្រោះដល់អ៊ុយក្រែននោះនឹងអាចជួយបើកច្រកនៃការគាំទ្រនានា ពីបណ្តាប្រទេសដទៃចំពោះអ៊ុយក្រែន។ នៅទន្ទឹមនឹងនេះផងទៀត នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានថ្លែងជម្រុញដល់រដ្ឋាភិបាលអាល្លឺម៉ង់ទៀតថា រដ្ឋាភិបាលក្រុងបែរឡាំងត្រូវតែចាត់វិធានការម៉ឺងម៉ាត់ និងបញ្ជូនអាវុធគ្រប់ប្រភេទទៅឱ្យអ៊ុយក្រែនដើម្បីជួយដល់កងកម្លាំង ទាហានអ៊ុយក្រែនដែលកំពុងការពារទឹកដីប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី៕